ករណីប្រេងឆ្នាំកម្ពុជាជិត៣០ម៉ឺនប៉ារ៉ែល ដែលនាវា MT Strovolos ដឹកយកទៅ គ្រោងនឹងដោះស្រាយបញ្ចប់ឆាប់ៗនេះ
ករណីប្រេងឆៅរបស់កម្ពុជា ចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល ដែលនាវាឈ្មោះ MT Strovolos បានដឹកចេញពីកម្ពុជា នាពេលកន្លងមក ភាគីពាក់ព័ន្ធ បានចូលតុពិភាក្សាចរចារគ្នាដើម្បីសម្របសម្រួលលើផលប្រយោជន៍ដែលភាគីនីមួយៗទទួលបាន ដោយសង្ឃឹមថា គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ។
ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា ជុំវិញបញ្ហាប្រេងឆៅចំនួនជិត ៣០ម៉ឺនបារ៉ែល ដែលនាវាឈ្មោះ MT Strovolos បានលួចដឹកចេញេពីកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ បច្ចុប្បន្នមានសញ្ញាល្អជាបណ្តើរៗហើយ ដែលកម្ពុជារំពឹងថា ករណីប្រេងឆៅនេះនឹងដោះស្រាយចេញក្នុងពេលឆាប់ៗ។
ទាក់ទងបញ្ហាប្រេងកាតប្លុក A វិញ ឯកឧត្តម ជៀប សួរ បានបញ្ជាក់ឲ្យដឹងថា ចំពោះការអភិវឌ្ឍន៍របស់ក្រុមហ៊ុន KrisEnergy នៅប្លុកអេ នាពេលកន្លងមកនេះ ក្រសួងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននេះរួចហើយ, បច្ចុប្បន្នចំពោះការវិនិយោគនៅប្លុកអេនេះ ក្រសួងបានកំពុងពិភាក្សាការងារជាមួយក្រុមហ៊ុនថ្មីមួយទៀត មកពីប្រទេសកាណាដា , ដោយក្រុមហ៊ុនថ្មីនេះបានកំពុងធ្វើការសិក្សានូវទិន្នន័យថ្មីៗឡើងវិញ មុននឹងសម្រេចចិត្តវិនិយោគនៅប្លុកAនេះជាបន្ត ដើម្បីចៀសវាងនូវកំហុសខុសឆ្លងដែលកើតមានឡើង។ មកដល់ពេលនេះ ការសិក្សារបស់ក្រុមហ៊ុនថ្មីមួយនេះ ជិតដល់ពេលវេលាមកពិភាក្សាគ្នាជាមួយក្រសួងហើយ ដោយការងារនេះក្រសួងនឹងបង្ហាញលទ្ធផលនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។