រដ្ឋមន្ត្រីក្រសួងកិច្ចការនារី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះសិទ្ធមនុស្ស ជាពិសេសសិទ្ធជាមូលដ្ឋាន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានទទួលជួបសំដែងការគួរសម ជាមួយ លោកជំទាវ Roueida EI Hage តំណាងអង្គការសហប្រជាជាតិនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ។
នៅក្នុងជំនួបនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញជូនពីស្ថានភាពសិទ្ធិស្ត្រី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា តួនាទីរបស់ក្រសួងកិច្ចការនារី និងតួនាទីរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងសមិទ្ធផលដែលបានសម្រេច ព្រមទាំងក្របខ័ណ្ឌគោលនយោបាយសំខាន់ៗរួមមាន ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ផែនការសកម្មភាពស្តីពី ការរៀបអាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះវ័យជំទង់ និងយន្តការក្នុងការលើកកម្ពស់សមភាពយេនឌ័រទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងយន្តការថ្នាក់តំបន់ ដែលយន្តការទាំងនេះដឹកនាំសម្របសម្រួលដោយក្រសួងកិច្ចការនារី។
លោកជំទាវក៏បានជម្រាបជូនទៀតថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះសិទ្ធមនុស្សជាពិសេសសិទ្ធជាមូលដ្ឋាន។ លោកជំទាវក៏បានបន្ថែមទៀតថា ការចូលរួមក្នុងការលើកកម្ពស់ ផ្តល់កិច្ចការពារ ត្រូវការកិច្ចសហការល្អ ជាមួយអ្នកពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ជាដើម។
នាឱកាសនោះ លោកជំទាវ Roueida EI Hage បានសំដែងនូវសេចក្តីរីករាយដែលមានឱកាសបានជួបជាមួយលោកជំទាវ ស្របពេលដែលលោកជំទាវ នឹងចាប់ផ្តើមការងារដំបូងនៅក្នុងប្រទេសកម្ពុជា និង បានសំដែងនូវការកោតសរសើរចំពោះសមិទ្ធិផលដែលក្រសួងកិច្ចការនារី និងក្រុមបឹក្សាជាតិដើម្បីស្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នឹងបន្តកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។