ប៊ីចេង​ក្លែងក្លាយ​ជាង ១៨​តោន ត្រូវបាន​ដុត​កម្ទេចចោល នៅ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ ដោយមាន​គោលការណ៍​អនុញាត​ពី សម្តេច​ក្រ​ទ្បា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ បាន​ចាត់តាំង​ក្រុមការងារ​ជំនាញ​របស់​គណៈកម្មាធិកា​រ ចុះទៅ​រៀបចំ​ធ្វើការ​កម្ទេច​ប៊ីចេង​ក្លែងក្លាយ (​ប៊ីចេង​សញ្ញា​រូប​វែក​) ចំនួន​ប្រមាណ​ជាង​១៨​តោន ដែល​សមត្ថកិច្ច​គណៈកម្មាធិកា​រ​បាន​ចុះបង្ក្រាប និង​រឹបអូស​រក្សាទុក​កាលពី​ឆ្នាំ​២០១៩ ដែល​ការកម្ទេច​នេះ​ស្ថិតនៅ​ទីលាន​ចាក់សំរាម ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀ​បរាប ដោយ​សហការ​រៀបចំ​ជាមួយ​អាជ្ញាធ​មូលដ្ឋាន​ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប តំណាង​ស្នងការ និង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តំណាង​មន្ទីរ​ពាក់ព័ន្ធ និង​អជ្ញាធរ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​ជាច្រើនរូប ។​

​ពិធី​កម្ទេច​នេះ​ធ្វើ​ទ្បើង ដោយ​អនុវត្តតាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៧២ ឆ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្តសៀមរាប និង​មានការ​ផ្ទ​ន្ទា​ទោស​លើ​ជនជាប់ចោទ​០២​នាក់ ដាក់ពន្ធនាគារ​កំណត់​១​ឆ្នាំ ។​

​គូរ​បញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​នាំចូល ស្តុក​ទុក និង​ចែកចាយ​ប៊ីចេង​ក្លែងក្លាយ​ចំនួន​ជាង​១៨​តោន កាលពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប និង​បាន​បញ្ជូន​ទាំង​ជនល្មើស និង​វត្ថុតាង​ទៅ​តុលាការ រហូតដល់​បានសម្រេច​ធ្វើការ​កម្ទេចចោល​នាពេលនេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close