ជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋ៣០ខ្នង និងផ្លូវជាតិលេខ៥៧ បីកន្លែងផ្សេងគ្នានៅខេត្តប៉ៃលិន

(ប៉ៃលិន) ៖ ផ្ទះប្រជាពលរដ្ឋ៣០ខ្នង និងផ្លូវជាតិលេខ៥៧ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃទី២៨កក្កដា ដែលតម្រូវឱ្យអាជ្ញាធរខេត្តប៉ៃលិន ចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព ខណៈសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានទឹកហូរកួចយកទៅជាមួយ។

បើតាមសេចក្តីរាយការណ៍ ភ្លៀងបានធ្លាក់មួយមេយ៉ាងធំកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា បង្កជាជំនន់ទឹកភ្លៀងលិចផ្ទះប្រជាពលរដ្ឋ និងផ្លូវជាតិលេខ៥៧ ចំនួន៣ទីតាំង ដោយ​បានហូរច្រោះកាត់ផ្លូវជាតិ ធ្វើឱ្យប្រជាពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ក្រៅពីករណីជំនន់ទឹកភ្លៀងហើយ ក៏​មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ើងសង្ក័សីតូបរបស់ប្រជាពលរដ្ឋផងែរ។ យ៉ាងណាក៏ដោយ​ភ្លាមៗ កម្លាំងនគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងវេនប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ បានចុះជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅលើចំណុចផ្លូវដែលបានលិច និងជម្លៀសពលរដ្ឋណាដែលមានផ្ទះលិចទឹកខ្លាំងទៅទីទួលសុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close