សមត្ថកិច្ចខាងជើងបឹងទន្លេសាប ស្ទាក់ចាប់រថយន្តដឹកឈើចេញពីព្រះវិហារ ប្រុងទៅភ្នំពេញ
(កំពង់ធំ) ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលព្រៃឈើខុសច្បាប់ តាមរយៈរថយន្តម៉ាក Tundra ពាក់ស្លាកលេខ ភ្នំពេញ 2S-7946 មកពីខេត្តព្រះវិហារដើម្បីយកទៅលក់បន្តនៅរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សហការណ៍ដោយមន្ត្រីរដ្ឋបាលព្រៃឈើ កម្លាំងខាងជើងបឹងទន្លេសាប នគរបាលខេត្តកំពង់ធំ អាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ តាមដងផ្លូវជាតិលេខ ៦ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មន្ត្រីខាងជើងបឹងទន្លេសាបបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អេប ផល ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីធ្វើការពិនិត្យវាស់វែង ក្នុងនោះដែរ វត្ថុតាងរួមមាន ឈើប្រភេទលេខ១ ត្រសេកចំនួន ១គីប ៨ផ្លាន។
កម្លាំងនាយអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានបន្តថា តាមប្រមាញ់ចាប់ពីចំណុច ស្រុកកំពង់ស្វាយ ប៉ុន្តែរថយន្តដែលជាមុខសញ្ញាខាងលើព្យាយាមបើករត់ មកដល់ភូមិសាស្ត្រ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ទើបកម្លាំងចម្រុះសហការ ឃាត់ស្ទាក់ចាប់បាន។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យយកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។