សម្ដេច ស ខេង ជំរុញឱ្យដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង ព្រមទាំងសកម្មជនគណបក្សជាច្រើនរូបទៀត។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូសបញ្ជាក់ជូនអង្គប្រជុំអំពីសភាពការណ៍សំខាន់ៗនៅជុំវិញពិភពលោក ក្នុងនោះរួមទាំងព័ត៌មានចំនួនពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុដែលនាំដល់ក្ដៅកង្វល់សម្រាប់ប្រជាពលរដ្ឋ ពិសេសកសិករ និងបញ្ហាមួយចំនួននៅតំបន់អាស៊ាន និងការជះឥទ្ធិពលមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីក្ដីប្រាថ្នាឱ្យទទួលបានជ័យជម្នះចំនួនពីរក្នុងពេលតែមួយ គឺជ័យឈ្នះក្នុងឋានៈជាគណបក្សកាន់អំណាចដែលត្រូវរៀបចំការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ និងទី២គឺការទទួលបានជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការប្រកួតប្រជែងការបោះឆ្នោតនេះ។ សម្ដេចក្រឡាហោម បានបង្ហាញមោទកភាពសម្រាប់ការទទួលបានជ័យជម្នះទាំងពីរនេះ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ជំរុញឱ្យសមាជិក សមាជិការគណបក្សដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការអនុវត្តរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិងសម្រេច។
សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។