រដ្ឋមន្ត្រីកសិកម្ម និងកូរ៉េ ពិភាក្សាគ្នាលើគម្រោងចំនួន៤ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
កូរ៉េ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន នៅថ្ងៃទី៣១ ខែកក្កដា បានជួពិភាក្សាគ្នាជាមួយភាគីកូរ៉េ នៅទីក្រុងសេអ៊ូល ដោយបានលើកយកប្រធានបទសំខាន់ ចំនួន ៤ មកពិភាក្សាយ៉ាងស៊ីជម្រៅ។
បើតាមប្រភពព័ត៌មានពីបណ្តាញសង្គមរបស់ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ប្រធានបទសំខាន់ទាំង ៤នោះ រួមមាន៖
១. គម្រោងជួយបណ្តុះបណ្តាលមន្ត្រីជំនាញ និងការរៀបចំបង្កើតមន្ទីរពិសោធន៍ និងផលិតវ៉ាក់សាំការពារជំងឺឆ្លងសត្វ។
២. ការអភិវឌ្ឍអនុវិស័យផលិតកម្មចិញ្ចឹមសត្វជាលក្ខណឧស្សាហកម្ម ជាពិសេសផលិតកម្មចិញ្ចឹមគោ និងផលិតចំណីសត្វមានស្តង់ដា និងគុណភាពខ្ពស់។
៣. សហការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម ពង្រឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ តម្លៃបន្ថែម ធ្វើយ៉ាណាពង្រីកសមត្ថភាព និងការប្រកួតប្រជែងរបស់ប្រជាកសិករកម្ពុជា ដើម្បីជួយបង្កើនប្រាក់ចំណូលជូនពួកគាត់។ និង
៤. ការអភិវឌ្ឍធនធានមនុស្សកសិកម្មតាមរយ:ការបណ្តុះបណ្តាលមន្ត្រី និស្សិត លោក គ្រូ អ្នកគ្រូ និងកសិករឆ្នើមតាមរយៈការធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ និងវគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យបើកចំហនៅសាធារណរដ្ឋកូរ៉េ (KOREA NATIONAL OPEN UNIVERSITY) តែម្តង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបាន និងកំពុងបន្តជួយដល់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី មានក្តីសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីការចុះហត្ថលេខាលើឯកសារអនុស្សនរណ:នៃការយោគយល់គ្នារួចមក កិច្ចសហប្រតិបត្តិការលើការប្រធានបទទាំង៤ ខាងលើនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗខាងមុខ ហើយនឹងទទួលបានជោគជ័យដូចការរំពឹងទុក។
សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាននិងកំពុងដឹកនាំគណប្រតិភូក្រសួង ធ្វើទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញពីភាគីកូរ៉េ។ កម្មវត្ថុនៃដំណើរទស្សនកិច្ចរយ:ពេល ៤ថ្ងៃនេះ ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងមន្ទីរពិសោធន៍ទាក់ទងអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងអនុវិស័យព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។