មន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បើករថយន្តចង្កូតស្តាំ ពាក់ស្លាកលេខ ខេមរភូមិន្ទ ត្រូវគយចល័តក្រសួងដេញចាប់បាន តែលោកផ្កាយបី ប៉ុល ស៊ីនួន ចេញមុខអន្តរាគមន៍ថា “មានឯកសារ និងគ្នាឯងទេ”!
(ខេត្តបាត់ដំបង) ៖ មន្ត្រីយោធាស័ក្តិ៤ម្នាក់ បើករថយន្តទំនើបចង្កូតស្តាំ ត្រូវក្រុមមន្ត្រីគយក្រសួង និងកម្លាំងកង រាជអាវុធហត្ថ ប្រចាំចំណុចមុខរោងម៉ាសុីនហុងឡុងស្ថិតនៅឃុំអូរតាគី ស្រុកថ្មគោល ដេញតាមចាប់រហូតដល់កណ្តាលក្រុងបាត់ដំបង លើដងផ្លូវលេខ១ ទើបស្ទាក់ចាប់បាន តៃកុងព្រមចុះពីរថយន្តឱ្យគយអនុវត្តតាមនីតិវិធី។ ប៉ុន្តែករណីនេះត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការរងយោធភូមិភាគទី៥ ចេញមុខមកដល់កន្លែងគយចល័តក្រសួងប្រចាំនោះមកអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍ដេញចាប់រថយន្តបង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍នេះកាលពីវេលាម៉ោង១០ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្លូវលេច១ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយបោ ក្រុងនិងខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានជាក់ស្តែងនៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តស៊េរីថ្មីដែលគយចាប់បានម៉ាក ម៉ាស្តាមួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ បើកបរតាមផ្លូវជាតិលេខ៥ត្រូវបានសមត្ថកិច្ចគយ និងកម្លាំងអាវុធហត្ថ សមត្ថកិច្ចប្រើមធ្យោបាយរថយន្តពីបើកដេញតាំងពីឃុំអូរតាគីរហូតដល់ផ្លូវលេខ១ ទើបស្ទាក់ចាប់បាននៅចំណុចខាងលើ។ ហើយរថយន្តដែលគយតាមចាប់ជារថយន្តម៉ាកម៉ាស្តាពណ៌ប្រផេះចង្កូតស្តាំ ពាក់ស្លាកលេខខេមរភូមិន្ទ ០២.១០៩៨ បើកបរដោយបុរសម្នាក់ ឈ្មោះ រ័ត្ន ដែលជាមន្ត្រីយោធាពាក់ស័ក្តិ៤ ឈរជើងប្រចាំមាត់ច្រកទ្វារ ម៉ាឡៃ ទឹកដីខេត្តបន្ទាយមានជ័យ។
ក្រោយស្ទាក់ឃាត់រថយន្តយ៉ាងប្រផាប់ ប្រភីងបង្កការភ្ញាក់ផ្អើលរយៈពេលប្រហែលជាង១ម៉ោងគេឃើញមានវត្តមានរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការរងយោធភូមិភាគទី៥ ចេញមុខមក អន្តរាគមន៍ធានាយករថយន្តទៅធ្វើការដោះស្រាយ ដោយអះអាងថាមានឯកសារនិងជាគ្នាឯង😂🤣😂៕ (សហការី)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។