គម្រោង​ជួសជុល​ច្រាំង​ក​សិន្ធុ​ខាងជើង មុខ​ប្រាសាទអង្គរវត្ត ប្រវែង​ចំនួន​២០​ម៉ែត្រ បន្ថែមទៀត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២​ខាងមុខ​

​គម្រោង​ជួសជុល​ច្រាំង​ក​សិន្ធុ​ខាងជើង មុខ​ប្រាសាទអង្គរវត្ត ដំណាក់កាល​ទី​៧ ប្រវែង​ចំនួន​២០​ម៉ែត្រ​ជា​បន្តទៀត លើ​ការងារ​ជួសជុល​ពង្រឹង​គ្រឹះ និង​រៀប​កាំជណ្តើរ​ពី​ថ្មបាយក្រៀម ព្រមទាំង​ត្រៀម​រៀប​កាំជណ្តើរ​ធ្វើ​ពី​ថ្មភក់​បុរាណ​តាម​លំ​ដើម​ឡើងវិញ​ផង​នោះ សម្រេចបាន​ប្រមាណ​៤០​ភាគរយ​ហើយ​។​

​បុរាណ​វិទូ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ជា​ប្រធាន​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត ជ្រុង​ខាងជើង អ្នកស្រី នង បូរ៉ា​វី បានឱ្យដឹងថា មកដល់ពេលនេះ ដំណើរការ​ជួសជុល សម្រេចបាន​ប្រមាណ​៤០​ភាគរយ​ហើយ លើ​ការងារ​ជួសជុល​ពង្រឹង​គ្រឹះ​នៃ​បាត​ច្រាំង​ក​សិន្ធុ រៀប​កាំជណ្តើរ​ពី​ថ្មបាយក្រៀម​ថ្មី​ជំនួស​ថ្មបាយក្រៀម​ចាស់​ពុកផុយ​ខូចខាត​ទាំងអស់​ឡើងវិញ​បាន​៧​កាំ ព្រមទាំង​បាន​រក្សា​ទម្រង់​ដើម​របស់​លូ​បុរាណ ដោយ​ប្រើ​ថ្មបាយក្រៀម​ថ្មី ជំនួស​ថ្មបាយក្រៀម​ចាស់​ដែល​ពុកផុយ​នៅ​ផ្នែក​ខាងមុខ​ជាប់​នឹង​មាត់ច្រាំង​ក​សិន្ធុ ហើយ​ត្រៀម​នឹង​រៀប​កាំជណ្តើរ​ធ្វើ​ពី​ថ្មភក់​ចំនួន​៤​កាំ​ជា​បន្តទៀត​។​

​អ្នកស្រី នង បូរ៉ា​វី បញ្ជាក់ទៀតថា ជំហាន​ដំបូង ក្រុមការងារ​បានធ្វើ​កំណាយ​ស្រាវជ្រាវ ប្រទះឃើញ​លូបង្ហូរទឹក​បុរាណ​ដែលមាន​ទំនាក់ទំនង​ពី​ក​សិន្ធុ​ទឹក​ប្រាសាទអង្គរវត្ត​ទៅនឹង​ត្រពាំង​សេស​នៅមាន​ស្ថាន​ភាពល្អ​។ ជាមួយគ្នា​នោះ ក្រុមការងារ​ក៏បាន​បិទ​ទំនប់ទឹក​ដើម្បី​សម្រួល​ដល់​ការងារ​ជួសជុល​គ្រឹះ​ច្រាំង​ក​សិន្ធុ ធ្វើ​សម្រង់​ប្លង់​ថ្ម ដែល​ជ្រុះ​ធ្លាក់ចូល​ទៅក្នុង​ច្រាំង ព្រមទាំង​រុះរើ​ថ្ម​ដោយ​ប្រើ​កៅឡាក់​អូស​ចេញពី​ច្រាំង​ខាងក្រោម​ឡើងទៅ​ច្រាំង​ខាងលើ លាង​សម្អាត ចុះ​ប​ញ្ជើ​ថ្ម និង​ជួសជុល មុននឹង​យកមក​រៀប​នៅ​ទីតាំង​ដើម​វិញ​ផង​។​

​បុរាណ​វិទូ​រូបនេះ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​សម្រាប់​ការងារ​ជួសជុល​ក​សិន្ធុ​នេះ​ថា ដោយសារ​ការដ្ឋាន​ជួសជុល​នៅជាប់​នឹង​មាត់ទឹក គឺ​ត្រូវ​ចំណាយ​ពេលវេលា​មួយចំនួន​ដើម្បី​បិទ​ទំនប់ទឹក ធ្វើយ៉ាងណា​ឱ្យ​ជាប់​ល្អ ព្រោះ​ត្រូវការ​ជួសជុល​ពង្រឹង​គ្រឹះ​ជា​ចាំបាច់​។ បញ្ហា​ប្រឈម​មួយទៀត​គឺ​នៅ​អំឡុង​ពេលធ្វើ​ការងារ ក៏មាន​ជ្រាប​ទឹក ហើយ​ត្រូវ​បូមទឹក​ចេញ​ជាប្រចាំ​។

ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងជើង​ស្ពាន​ហាល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត ក៏​ជាទី​តាំង​ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និយម​មក​ផ្តិត​យក​រូបភាព ប្រាសាទ​អង្គរ​កំពូល​ប្រាំ​ដ៏​ស្រស់ស្អាត​។ នៅពេល​ការជួសជុល​រួចរាល់​ជា​ស្ថាពរ នឹង​លើក​សោភ័ណ​ច្រាំង​ក​សិន្ធុ ស្រស់ស្អាត​ទ្វេ​ឡើង ហើយ​រក្សាបាន​នូវ​ស្នាដៃ​ដូនតា​បាន​អង្វែង​ជាច្រើន​ជំនាន់​ទៅមុខ​ទៀតផង​។​ ​គម្រោង​ជួសជុល​ច្រាំង​ក​សិន្ធុ​ខាងជើង​នៃ​មុខ​ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​តាំងពី​ខែមីនា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ខាងមុខ​។​

​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតមកដល់​ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត ជ្រុង​ខាងជើង សរុប​បាន​ប្រវែង​១៤៣​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close