រាជរដ្ឋាភិបាល ដាក់ចេញផែនការសកម្មភាពគន្លឹះ ដើម្បីជំរុញទាក់ទាញកំណើនភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប
សៀមរាប៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានប្រកាសដាក់ចេញយន្តការអនុវត្តការងារ និងផែនការសកម្មភាពគន្លឹះសំខាន់ៗ ដែលចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិបង្កើនការមកទស្សនាខេត្តសៀមរាបឡើងវិញ។
គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលក៏បានអនុម័តនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» រួចមកហើយ ជាមួយគ្នាក៏បានសម្រេចគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនអង្គប្រជុំអំពីយន្តការការងារនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) សំដៅទ្រទ្រង់ការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលមានចំនួន៤ចំណុច។
ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបអំពីទិសដៅសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អនៅតាមតំបន់អាទិភាពទាំង៦ ពង្រឹងគុណភាពសេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ចជាមួយតម្លៃសមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។
ជាមួយគ្នានោះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.អ.ទ.ស. បានគាំទ្រការរៀបចំនូវយន្តការអនុវត្តការងារចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងបានប្រកាសជាផ្លូវការនូវសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដែលត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ, សមាសភាពគណៈប្រតិបត្តិ, សមាសភាពអនុគណៈកម្មការ, សមាសភាពលេខាធិការដ្ឋាន ព្រមទាំងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMO) សម្រាប់តំបន់អាទិភាពទាំង៦ រួមមាន៖
១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន
២. តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា
៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប
៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ
៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍។
ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្ត «ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២២-២០២៣» នេះ ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់នូវអនុសាសន៍មួយចំនួន១១ចំណុចសំខានៗផងដែរ។
បើតាមឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាអនុប្រធានប្រចាំការនៃ គណៈប្រតិបត្តិ នៃគ.អ.ទ.ស. ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទទួលបានទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា ១ ០២៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា ៧៩៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជើងហោះហើរមកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង២លាននាក់នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣។
គួរជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់គោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា ក្នុងនោះ៖
* ទិញបណ្ណប្រភេទ ១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ, សុពលភាពរយៈពេល៥ថ្ងៃ
* ទិញបណ្ណប្រភេទ ៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ សុពលភាពរយៈពេល១០ថ្ងៃ
* ទិញបណ្ណប្រភេទ ៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល ១០ថ្ងៃ សុពលភាពរយៈពេល១ខែ។ សម្រាប់អ្នកវិនិយោគនៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរបានដោយមិនចាំបាច់ទិញសំបុត្រឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។