ពេញ​១​សប្តាហ៍​នេះ​! កម្ពុជា បន្ត​ធ្លាក់ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ខណៈ​ខេត្តកោះកុង និង​ព្រះសីហនុ អាច​ប្រឈម​ជំនន់​ទឹកភ្លៀង​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម ជាមួយនិង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​បង្គួរ​ទៅ​ខ្លាំង មកលើ​តំបន់​មាត់សមុទ្រ​។ ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C​។​
* នឹង​អាចមាន​ភ្លៀង​ធ្លា​ក់នៅ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៌​មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​និង​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។​
* ដោយឡែក​នៅ​ថ្ងៃទី​៦-៩ ខែសីហា បណ្តា​ខេត្ត​និង​រាជធានី​នៅ​វាលទំនាប​ភាគខាងត្បូង ភ្លៀង​អាច​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-៤°C និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C​។​
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥°C និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣°C​។​
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។​

* នៅ​ចន្លោះ​ពីថ្ងៃ​ទី​៦-៩ ខែសីហា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្នែក​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀងខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close