ខេត្តចំនួន៥ នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ចើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាលើកិច្ចព្រមព្រៀងស្តីពីការងារបោសសម្អាតមីនក្នុងខេត្តចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង ព្រមទាំងត្រូវប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីសរុបចំនួន ៣០.៩១២.៦៧៣ ម៉ែត្រក្រឡា (៣០,៩១ គីឡូម៉ែត្រក្រឡា) ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
ពិធីចុះកិច្ចព្រមព្រៀងនេះ បានប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលនឹងចាប់ផ្តើមប្រតិបត្តិការបោសសម្អាតមីន ចាប់ពីខែសីហា ឆ្នាំ២០២២ ដែលក្នុងនោះ៖ ខេត្តចំនួន ០៣ គ្រោងនឹងបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២ រួមមាន ៖ ខេត្តតាកែវ ក្នុងទំហំផ្ទៃដីសរុប ៣.៦២៦.៨៥៦ ម៉ែត្រក្រឡា ខេត្តកំពង់ចាម ក្នុងទំហំផ្ទៃដីសរុប ៩៧៩.៥៨៦ ម៉ែត្រក្រឡា និងខេត្តកំពង់ឆ្នាំង ផ្ទៃដីសរុប ៣.២៧៧.៦២៧ ម៉ែត្រក្រឡា និងខេត្តចំនួន០២ គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ រួមមាន ៖ ខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីសរុប ១២.៣៨៦.៩២៧ ម៉ែត្រក្រឡា និងខេត្តកំពត ក្នុងទំហំផ្ទៃដីសរុប ១០.៦៤១.៦៧៧ ម៉ែត្រក្រឡា។
ក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តទាំង៥ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់នូវកាដូពិសេសជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំង ៥ ខេត្ត ដើម្បីធានានូវសុខសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។