ប៉ម​មើល​ទេសភាព ជួយ​ពង្រឹង​ការអភិរក្ស និង​ជំរុញ​ទេសចរណ៍ធម្មជាតិ ក្នុង​តំបន់​កាន់តែ​ប្រសើរ​

ក្រសួងបរិស្ថាន ផ្តល់​ប៉ម​មើល​ទេសភាព ជូន​ដល់​តំបន់ការពារធម្មជាតិ ប្រើប្រាស់ ក្នុង​គោលបំណង​បម្រើ កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​បន្ថែមទៀត និង​ជំរុញ​ឱ្យ​តំបន់ការពារធម្មជាតិ ក្លាយជា​កន្លែង ដែល​អាច​ទាក់ទាញ​ទេសចរ​ជិត​ឆ្ងាយ​ឱ្យមក​ទស្សនា​។​



លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ សក្កា​នុព​ល​នៃ​ធនធានធម្មជាតិ និង​សត្វ​ស្លាប​ក្នុងប្រទេស​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សំដែង​ការរីករាយ​ចំពោះ គម្រោង​ក្រសួងបរិស្ថាន ផ្តល់ជូន ប៉ម​ចំនួន​២ កន្លែង​កន្លែង​ទៀត ដាក់​នៅ​តំបន់​បឹង​ស្នោរ​ក្រុង​សំរោង និង​នៅ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រហូតដល់​ពេលនេះ​ខេត្ត​នេះ​មាន​ប៉ម​មើល​ទេសភាព​ចំនួន ៤ ឈើ​ចំនួន​២ និង​ដែក​ចំនួន​២​។​

​លោក ភួង លី​ណា បញ្ចាក់​ដែរ​ថា ប៉ម​មើល​ទេសភាព មិន​ត្រឹមតែ​ផ្តល់​ជា​មធ្យោបាយ ពង្រឹង​ការពិនិត្យ និង​តាមដាន ព្រមទាំង​ចាត់វិធានការ​ឆ្លើយតប​សកម្មភាព​បទល្មើស កាន់តែ​ប្រសើរ​ថែមទៀត នោះទេ ប៉ម​ទាំងនេះ បាន​ផ្តល់ជូន​អ្នក​ទេសចរណ៍ បាន​មើល​ទេសភាព ព្រៃឈើ និង​សត្វព្រៃ ដែល​បានរួម​ចំណែក​សំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផ្សាភ្ជាប់​ទឹកដី ដើម្បី​ជួយ​គាំទ្រ​ចំណូល​បន្ថែមទៀត​ដល់​ប្រជា​សហគមន៍ និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ​។

លោក​ប្រធាន​មន្ទីរ​ចាត់ទុកថា តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ចំនួន​៣​កន្លែង មាន ប្រៀបបាន​នឹង​កូនក្រមុំ​លាក់ខ្លួន ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ ជាពិសេស​ទេសភាព​នៅតាម​តំបន់ការពារធម្មជាតិ​ចំនួន ៣​កន្លែង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ឧ​ត្ត​រ ដែលមាន​ព្រៃឈើ​ស្រស់ស្អាត សត្វព្រៃ ក៏ដូចជា​សត្វ​ស្លាប​កម្រ និង​រង​ការ​គម្រាមកំហែង​ជិត​ផុត​ពូជ កំពុង​រស់នៅ​។

​លោក ភួង លី​ណា សង្ឃឹមថា​អ្នក​ទេសចរណ៍​មក​ទស្សនា ហើយ​សហគមន៍​ត្រៀម​ផ្ដល់​សេវា ដូចជា ការលក់ដូរ​ផលិតផល​ផ្សេងៗ ការផ្តល់សេវា​ចម្អិនម្ហូប និង​រៀបចំផ្ទះ​ស្នាក់ បោះតង់ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការរកចំណូល​បន្ថែម​ផងដែរ​។​

​សូម​បញ្ចា​ក់ថា ក្រសួងបរិស្ថាន​ក្នុង​ជំហាន​ដំបូង​គ្រោង​សាងសង់​ប៉ម​មើល​ទេសភាព ចំនួន​១០​កន្លែង នៅក្នុង​ឆ្នាំ​២០២២​។ មកដល់​ខែសីហា ឆ្នាំ​២០២២ ក្រសួង​បាន​ផ្តល់ជូន ប៉ម​មើល​ទេសភាព បាន​ចំនួន​៤​កន្លែង ដែល​ក្នុងនោះ​ប៉ម​២​កន្លែង នៅ​ខេត្តបន្ទាយមានជ័យ និង​២​កន្លែង​ទៀត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា​គម្រោង​ក្រសួងបរិស្ថាន គឺ​ចង់​លើកកម្ពស់​ទេសភាព​នៅតាម​តំបន់ការពារធម្មជាតិ និង​ជំរុញ​ការទាក់ទាញ​យក​ផលប្រយោជន៍​តាមរយៈ​ទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​តំបន់​ធម្មជាតិ​នេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close