អាស៊ាន ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយសម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ។
តាមរយៈសេចក្តីថ្លែងការណ៍ដែលទទួលបាន អាស៊ានបានបញ្ជាក់ដូចតទៅ៖
* អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយ នៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗនេះនៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។
* អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញង់ ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយ ដែលដាក់ចេញដោយប្រទេសនីមួយៗ។
* ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
* យើងគួរតែរួមគ្នា ហើយអាស៊ានត្រៀមខ្លួនជាស្រេច ក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធី រវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់របស់យើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។