ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើការងារសាងសង់បង្គោលអង់តែន តាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងសាធារណការនិងដឹកជញ្ជូន និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន (China Road and Bridge Corporation) ក្រុមហ៊ុន Huawei ប្រតិបត្តិករបង្គោលអង់តែន ព្រមទាំងបណ្តាប្រតិបត្តិករទូរគមនាគមន៍។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដោះស្រាយបញ្ហាប្រឈម និងកំណត់ទីតាំងជាក់លាក់សម្រាប់សាងសង់អង់តែនទូរសព្ទចល័ត ដើម្បីធានាផ្ដល់សេវាគ្របដណ្តប់ពេញលេញនៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្តែងកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
គួររំលឹកថា កាលពីថ្ងៃទី១ សីហា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានដឹកនាំក្រុមការងាររបស់ក្រសួង និយ័តករទូរគមនាគមន៍កម្ពុជា និងក្រុមហ៊ុន ពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ និងកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែនទូរសព្ទចល័តដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ នៅក្រុងព្រះសីហនុ។
ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។