ជនសង្ស័យជំនាញខាងកាច់កម៉ូតូនៅប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ជនសង្ស័យវ័យក្មេងចំនួន៣នាក់ ត្រូវបានកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីកាច់កម៉ូតូជាច្រើនគ្រឿង។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បន្ទាប់ពីទទួលបានបណ្ដឹងពីឈ្មោះ យឹម វិរះ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានលួចយកម៉ូតូចំនួន២គ្រឿង ១/-ម៉ាកឃ្លិច ពណ៌ខ្មៅលាយលឿង ២/-ម៉ាកឃ្លិច ពណ៌ ស¬លាយខ្មៅ ហើយម៉ូតូគាត់ទាំងពីរនេះទុកនៅមុខអាគារធ្វើការ របស់បុគ្គលិកជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោក៏ត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ដឹងថាបាត់ នឹងបានឆែកកាំមេរ៉ាសុវត្ថភាព ឃើញជនសង្ស័យមានគ្នា៣នាក់។
លោកអធិការ សៅ សារឿនបានប្រាប់ឲ្យដឹងថា ក្រោយមកទៀតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពីរ ពណ៌ក្រហម ក្រម៉ៅ សេរីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះគាត់បានអោយម៉ូតូប្អូនខ្ចីម៉ូតូទៅរកអីញាំនៅក្រៅលុះម៉ោងប្រហែលជិត២៤ប្អូនរបស់ឈ្មោះ គឹម វណ្ណះ បានត្រឡប់ពីក្រៅវិញដើម្បីទៅបន្ទប់គេង លុះដល់បន្ទប់ជួលក៏ឃើញម្ចាស់ផ្ទះផឹកស៊ីពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ឈ្មោះ គឹម វណ្ណះ ក៏មិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូចូលក្នុងអោយ ហើយខ្លួនក៏ឡើងលើទៅបន្ទប់គេងបាត់ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាំមេរ៉ាទើបដឹងថាបាត់។
ក្រោយពីទទួលបានពាក្យបណ្តឹងទាំង២នេះ កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យ។ រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៣ទាបភ្លឺ កម្លាំងជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំនុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកអធិការដ្ឋានដើម្បីសួរនាំ ដោយជនសង្ស័យទី១ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថាពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
លោកអធិការ សៅ សារឿនបានបញ្ជាក់ថា កម្លាំងជំនាញបាន ស្រាវវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូ ដើម្បីយកទៅប្រើប្រាស់វិញ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ខាងលើ ជាមុខសញ្ញលួចម៉ូតូ(កាច់កម៉ូតូ)យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។