កម្ពុជា ចាត់ទុកបញ្ហាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រកាន់ភ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។

ក្នុងសេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់សភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រចិនតៃវ៉ាន់។ រាជរដ្ឋាភិបាលកម្ពុជាសូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនានាកន្លងមករវាងភាគីទាំងពីរ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្ដិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្ដិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close