រដ្ឋបាលព្រៃឈើ​បញ្ជាក់ថា តំបន់ភ្នំតាម៉ៅមិនបានលក់ដូរទេ គ្រាន់តែជា​ការ​ដោះដូរថ្នូរ​នឹង​ការ​អភិវឌ្ឍ

ក្រោយ​ពីមានការ​ចែក​ចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម ដោយថា មានការ​លក់ដីព្រៃភ្នំតាម៉ៅ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ នៅ​រសៀល​ថ្ងៃនេះ រដ្ឋបាលព្រៃឈើ បានចេញ​សេចក្តីប្រកាសព័ត៌មាន ដោយថា នេះជា​ការ​អភិវឌ្ឍតាម​រយៈ​ការ​ដោះដូរ ដោយ​មិន​មែន​ជា​ការ​លក់ដូរ​នោះទេ។

រដ្ឋបាលព្រៃឈើ​បាន​បញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ជា​តំបន់ស្ថានីយ៍​ស្តារព្រៃឈើ ដែលមាន​ដំណុះឈើ​ដាំប្រភេទអាកាស្យា ប្រេងខ្យល់ និង​ឈើធម្មជាតិ។ តំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះឈើ​មិន​មានការលូតលាស់ល្អទេ, ដូច្នេះ​រាជរដ្ឋាភិបាលសម្រេចយក​តំបន់​នេះ​សម្រាប់ធ្វើ​ការអភិវឌ្ឍ ដោយសារ​នៅក្បែរទីក្រុង ក្បែរ​ព្រលានយន្តហោះថ្មី និង​កៀកតំបន់ទេសចរណ៍​ទន្លេបាទី។

រដ្ឋបាលព្រៃឈើ​បញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ត្រូវ​បានដោះ​ដូរ​ជាថ្នូរ​នឹង​អភិវឌ្ឍ​បន្ថែម​ដល់ឧទ្យានសួនសត្វ និង​មជ្ឈមណ្ឌល​សង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ដោយ​កែលម្អ​ឧទ្យាន​សួនសត្វភ្នំតាម៉ៅ​ឲ្យ​មានភាពប្រសើរឡើង ក៏ដូចជា​ការ​បង្កើត​សារមន្ទីរជាតិ​នៅ​រាជធានីភ្នំពេញ ការបង្កើតសួនសត្វ​សាហ្វារី​នៅ​ខេត្ត​សៀមរាប ការ​បង្កើត​សួន​ភូតគាម​នៅ​ខេត្តមណ្ឌលគិរី និង​ការ​សាងសង់អគារ​ធ្វើការ​របស់មន្រ្តីរាជការ និង​សម្ភារៈនានា។

សូមអានសេចក្តីប្រកាសព័ត៌មាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close