សម្ដេច​ក្រឡាហោម គាំទ្រ​ការបន្ត​ពង្រឹង ពង្រីក​ប្រតិប​ត្តិ​ការ​រវាង​កម្លាំង​អនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី

​នៅ​រសៀល​ថ្ងៃ​ព្រ​ហ្ប​តិ៍ ៧​កើត ខែស្រាព​ណ៍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី (Retno L. P. Marsudi) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​រដ្ឋសភា​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ស្វាគមន៍​ចំពោះ​លោកជំទាវ​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។
​សម្តេច​មានប្រសាសន៍ថា សម្ដេច​បានទទួល​ព័ត៌មាន​អំពី​គណៈប្រតិភូ​ឥណ្ឌូនេស៊ី ដឹកនាំ​ដោយ​លោកជំទាវ​រដ្ឋមន្ត្រី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា​។ សម្ដេច​ក៏បាន​បង្ហាញ​ការចូលរួម​គាំទ្រ​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​។

​សម្ដេច​ក្រឡាហោម​ក៏បាន​ជម្រាបជូន​លោកជំទាវ​ផងដែរ​អំពី​ការគាំទ្រ​ការបន្ត​ពង្រឹង ពង្រីក​ប្រប​ត្តិ​ការ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​ជាដើម​។ ​សម្ដេច​ក៏បាន​អរគុណ​ភាគី​ឥណ្ឌូនេស៊ី ដែល​កន្លងមក​បាន​ផ្ញើជូន​ក្រសួងមហាផ្ទៃ​នូវ​សេចក្ដីព្រាង​អនុសារណៈ​យោគយល់​គ្នា ដើម្បី​បង្កើត​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ​លើ​ការងារ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អនុវត្ត​ច្បាប់​។​

​សម្ដេច​ក៏បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​ការពិនិត្យ​ទៅលើ​MOU​នេះ ដោយ​សម្ដេច​ត្រៀម​រួចជាស្រេច​ក្នុង​ការចាត់​មន្ត្រី​ជំនាញ​ដើម្បី​ជជែក​ពិភាក្សា​សារ​ទៅលើ​ខ្លឹមសារ​ជាក់ស្តែង និង​ធានា​ទៅដល់​យន្តការ​សហប្រតិបត្តិ​ការប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​ឥណ្ឌូនេស៊ី​។​

​ជាការ​ឆ្លើយតប លោកជំទាវ​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ក្រឡាហោម ដែល​តែង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាពិសេស​ទៅលើ​ការជួយ​គាំទ្រ និង​គាំពារ​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​ជួប​បញ្ហា​ផ្សេង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​លោកជំទាវ​បាន​ក៏​សម្ដែង​នូវ​សេចក្ដី​រីករាយ​ដែល​ទទួលបាន​នូវ​ព័ត៌មាន​អំពី​បច្ចុប្បន្នភាព​នៃ​ដំណើរ​ការធ្វើ​សេចក្ដីព្រាង​MOU និង​ថា​ឥណ្ឌូនេស៊ី​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​ក្រុមការងារ​ជំនាញ​របស់​កម្ពុជា​ដើម្បី​ឈានទៅ​បញ្ចប់​នុង​ចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ​។​

​លោកជំទាវ រ៉េត​ណូ អិ​ល​.​ភី​. ម៉ារ​ស៊ូ​ឌី ក៏បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​សម្តេច​ក្រឡា​ហោម ដែល​តែង​បាន​យកចិត្តទុកដាក់​ជួយ​តាម​សំណូមពរ​របស់​ភាគី​ឥណ្ឌូនេស៊ី ពិសេស​ការជួយ​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​ស្ថិតក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​បាន​ជួបប្រទះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អន្តោប្រវេសន៍​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ជម្រាបជូន​លោកជំទាវ​ដែរ​ថាស​ម្ដេច​ផ្ទាល់​ពិតជា​គាំទ្រ​ចំពោះ​ការបង្កើត​ឲ្យ​មាននូវ​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លូវការ​តាមរយៈ​MOU​នេះ​និង​សង្ឃឹម​ជឿជាក់ថា​ភាគី​ទាំងពីរ​នឹង​អាច​ពិនិត្យ​លទ្ធភាព​បន្ថែម​នូវ​អ្វី​ដែលជា​ការងារ​ចាំបាច់ និង​សំខាន់​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​កសាង និង​បណ្តុះបណ្តាល សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ ព្រមទាំង​ការងារ​ជួយ​គាំពារ​ទៅវិញទៅមក​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close