ឥណ្ឌា សន្យា​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​មក​កម្ពុជា ក្រោយ​ពេញ​ចិត្តនឹង​បដិសណ្ឋារកិច្ច​នៅ​ប្រាសាទ​ក្រវាន់​

​សៀមរាប​៖ ឯកឧត្ដម​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា លោក S. Jaishankar បាន​សន្យា​ចំពោះមុខ​ម្ចាស់ផ្ទះ​កម្ពុជា​ថា​នឹង​ជំ​រុញឱ្យ​ភ្ញៀវទេសចរ​ប្រទេស​ខ្លួន​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ទៀត ពិសេស​នឹង​រៀបចំ​ឱ្យមាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​។​ ​ការសន្យា​នេះ​ធ្វើឡើង​ក្នុងពេល​ឯកឧត្ដម​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២២ ពោលគឺ​ក្នុង​ដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៣-៥ ខែសីហា ឆ្នាំ​២០២២​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​គង្គា (Ganga Agent Traditional Textile) ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ឥណ្ឌា សាងសង់​នៅ​ឆ្នាំ​២០១០​។ នៅពេល​រាត្រី ឯកឧត្ដម​បាន​ចូលរួម​ក្នុង​ពិធីជប់លាង និង​ទស្សនា​ការសម្តែង​សិល្បៈ​នៅ​ប្រាសាទ​ក្រវាន់​។

​នាឱកាស​នោះដែរ ក៏​មានការ​អមដំណើរ​ពី​សំណាក់​លោកជំទាវ ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ក្រសួងទេសចរណ៍ អភិបាលរង​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ចំពោះ​ការរៀបចំ​បដិសណ្ឋារកិច្ច​របស់​កម្ពុជា ហើយ​ឯកឧត្ដម​បាន​សន្យាថា​នឹង​ជំ​រុញឱ្យ​ភ្ញៀវទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន និង​រៀបចំ​ឱ្យមាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ដែរ​។​ ក្នុងនាម​ក្រសួងទេសចរណ៍ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា ដែល​បាន​សហការ​ល្អជា​មួយ​ក្រសួងទេសចរណ៍​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ជាពិសេស​កម្មវិធី​ទស្សនា​វិថី​ទេសចរណ៍​កម្ពុជា (Cambodia Tourism Roadshow) នៅ​ប្រទេស​ឥណ្ឌា ការរៀបចំ​ទិវា​យោ​គៈ​អន្តរជាតិ​ជា​រៀងរាល់ឆ្នាំ នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា​។​

​ឯកឧត្ដម​បាន​គូសបញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ អាស៊ាន​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៧.២​លាន​នាក់ កើនឡើង ២៨០% ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ និង​ថយចុះ ៩៤% ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។ បន្ទាប់ពី​បើក​ប្រទេស​ឡើងវិញ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៥០​ម៉ឺន​នាក់ កើនឡើង​៣៩៤% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​ក្នុងនោះ​៧,៦៨៧​នាក់​ជា​ភ្ញៀវទេសចរ​ឥណ្ឌា​។​ ​ការកើនឡើង​ដ៏​ធំ​នេះ​បាន​ឆ្លុះបញ្ចាំង​ថា ទីផ្សារ​ឥណ្ឌា​គឺជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល​សម្រាប់​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ​ខាងមុខ ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ គ្រប់​ជាតិ​សាសន៍ គ្រប់​តំបន់ និង​គ្រប់ទិសទី​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាប់ផ្ដើម​យុ​ទ្ឋ​នា​ការចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ដោយ​ជោគជ័យ​។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​សុវត្ថិភាព​ទេសចរណ៍ រួម​ជាមួយនឹង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នៃ​បទ​ប្បញ្ញត្តិ សុខភាព ព្រមទាំង​បានរៀបចំ​និង​ដាក់ចេញ​នូវ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ដើម្បី​ស្តារ​និង​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close