ទេសរដ្ឋមន្ត្រី លី ធុជ ស្នើសុំឲ្យចក្រភពអង់គ្លេស បន្តជួយគាំទ្រដល់កម្ពុជា លើវិស័យសកម្មភាពមីន សម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥
នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយលោកជំទាវ Amanda Milling, Minister of State for Asia and the Middle East នៃចក្រភពអង់គ្លេស ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសកម្មភាពមីនរហូតដល់កម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។
លោកជំទាវ Amanda Milling បានវាយតម្លៃខ្ពស់ដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលជាតម្រូវការចាំបាច់ ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជា កាត់បន្ថយគ្រោះថ្នាក់ និងការអភិវឌ្ឍប្រទេសជាតិ។ ចក្រភពអង់គ្លេស នឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យមីននេះ បន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។