ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់សកម្មភាព ដែលជួយលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យក្រុមការងារសមាគមស្ដ្រីគ្រីស្ទាននៃការចេះទប់ចិត្តកូរ៉េ ចូលជួបសម្ដែងការគួរសម និងប្រគល់សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងពិធីប្រគល់ និងទទួលសៀវភៅណែនាំនេះ ធ្វើឡើងនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី និងក្រុមការងារសមាគមស្ដ្រីគ្រីស្ទាននៃការចេះទប់ចិត្តកូរ៉េ។
សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន នេះអាចចែកចាយនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននានា ដើម្បីយកទៅបង្រៀនសម្រាប់មុខវិជ្ជាទាក់ទងទៅនឹងសុខភាពសិក្សា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់សមាគមស្ដ្រីគ្រីស្ទាននៃការចេះទប់ចិត្តកូរ៉េ ដែលបានគាំទ្រ និងប្រគល់សៀវភៅណែនាំអំពីផលប៉ះពាល់នៃការពិសារបារី ស្រា និងគ្រឿងញៀន។ ក្រសួងអប់រំ នឹងបន្ដគាំទ្ររាល់សកម្មភាពដែលជួយលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។