ខ្យល់គដេកស្លាប់នៅ​ក្នុង​បន្ទប់២យប់ហើយ ក្រុមគ្រួសារមិនដឹង

(សៀមរាប)៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជាន់ទី២ ក្នុងផ្ទះរបស់ខ្លួន រយៈពេលពីរយប់ពីរថ្ងៃ ប៉ុន្តែក្រុមគ្រួសារមិនបានដឹង ទើបតែធុំក្លិន ទើប​ដឹង ហើយ​ក៏​រាយការណ៍​ជូនសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ០៥ ខែកក្កដាឆ្នាំ ២០២២ នៅក្នុងបន្ទប់ដេក ជាន់ទី ២ ក្នុងផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅក្នុង ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាម​របាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះ មានឈ្មោះ យ៉ាត វណ្ណា ភេទប្រុស អាយុ ៥៦ ឆ្នាំ មានស្រុកកំណើត ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបន្តថា ករណីនេះ ក្រុមគ្រួសារសាច់ញាតិបាន​ប្តឹងមក​សមត្ថកិច្ច ក្រោយ​ពីប្រទះឃើញ សពជនរងគ្រោះ ដេកស្លាប់ និងមានហូរឈាម ចេញតាមមាត់ផង។

បន្ទាប់ពីពិនិត្យជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យទៅលើសាកសពជនរងគ្រោះ សមត្ថកិច្ច​មិនបាន​រក​ឃើញមានភាពប្រក្រតីអ្វីដែលពាក់ព័ន្ធនឹងករណីអ្វីផ្សេង នោះឡើយ។ ហើយ​ចំពោះឈាមហូរចេញពីមាត់សាកសព សមត្ថកិច្ចបញ្ជាក់ថា គឺដោយសារ ជនរងគ្រោះ បានស្លាប់ ក្នុងរយៈពេលយូរ (ប្រហែលម៉ោង ១-២ យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២) ទើបបណ្ដាលឱ្យមានហូរឈាមចេញតាមមាត់។

ដោយ​ឡែក​មូលហេតុនៃការ​ស្លាប់ សមត្ថកិច្ចបានសន្និដ្ឋាន ករណីស្លាប់នេះគឺ ដោយសារ ខ្យល់គរ ព្រោះជនរងគ្រោះ មានជំងឺប្រចាំកាយ លើសឈាម និង រោគបេះដូងផង។

យ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់ជូន ក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ​តាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close