កូនសត្វផ្សោត១ក្បាលទៀត ទម្ងន់ជាង១០គីឡូក្រាម ប្រទះឃើញងាប់ នៅមាត់ច្រាំងទន្លេមេគង្គ
ក្រចេះ៖ កូនសត្វផ្សោតឈ្មោលទម្ងន់ជាង ១០គីឡូក្រាម មួយក្បាលទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់នៅតាមដងទន្លេមេគង្គ ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ពោលគឺ ក្នុងតំបន់អភិរក្សតំបន់រមណីយដ្ឋានអន្លង់ផ្សោតកាំពី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
ប្រជាពលរដ្ឋ បានឱ្យដឹងថា ការងាប់សត្វផ្សោតដ៏កម្រនេះ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ
ហាក់មានភាពស្រពិចស្រពិល។ ប៉ុន្តែប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើការប្រើឧបករណ៍នេសាទខុសច្បាប់ (មង ឧបករណ៍ឆក់ជាដើម) ដែលនាំឱ្យមានការគំរាមកំហែងដល់ការរស់រានរបស់សត្វផ្សោតនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពីនោះ។
សូមបញ្ជាក់ថា សត្វផ្សោត ជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ប៉ុន្តែការនេសាទមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់សត្វផ្សោត ទើបធ្វើឱ្យពួកវាងាប់ជាបន្តបន្ទាប់។ បច្ចុប្បន្នមានអង្គការជាច្រើន បាននិងកំពុងចូលរួមអភិរក្ស សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអភិរក្សសត្វផ្សោតដ៏កម្រនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។