ឆមាសទី១! កម្ពុជា ទទួលចំណូលជាង ៨០០លានដុល្លារ ពីការនាំចេញកាបូប និងផលិតផលធ្វើដំណើរ
ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជា រកចំណូលបានជាង៨០២លានដុល្លារ ពីការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក នៅកម្ពុជា។
ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការ ក្នុងគោលបំណងជួយជំរុញ ដល់ការអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនឡើង បន្តបន្ទាប់ទៀត។
លោក លឹម តុង បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានតម្លៃសរុប ៨០២.៦៥លានដុល្លារ មានកំណើន៥៩.៤៨% ធៀបនឹងឆ្នាំ២០២១»។
បន្ថែមពីនោះទៀត លោក លឹម តុង បានគូសបញ្ជាក់ថា ដោយសារតែកំណើន នៃការវិនិយោគលើវិស័យឧស្សាហកម្មផលិតផលធ្វើដំណើរ និងកាបូប កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបបានផ្តួចផ្តើមគំនិតរួមគ្នា បង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះឡើង។
បើតាមលោក លឹម តុង សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាសមាគមមិនរកប្រាក់ចំណេញ ហើយផ្ទុយទៅវិញសមាគមនេះ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ ជួយសម្រួលដល់អ្នកវិនិយោគ ក្នុងការបង្កើតរោងចក្រ និងផ្តល់ការងារជូនបងប្អូនកម្មករ កម្មការនី ក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២១ ការនាំចេញផលិតផលកាត់ដេរមានចំនួន ៦,៥៦១.៩លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៨៤០.៦លានដុល្លារអាមេរិក ស្មើនឹង៣៩%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។