កម្ពស់​ទឹក​នៅ​អាង​តា​ម៉ុក​ហក់​ឡើង​ខ្ពស់​ជាថ្មី បន្ទាប់ពី​មាន​ភ្លៀងខ្លាំងកាលពី​ម្សិលមិញ​

គ្រប់​អាងទឹក​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មានទឹក​ពេញ​លើស​តម្រូវការ​រក្សាទុក​បាន​បើកទ្វារ​បញ្ចេញ​ទឹក​ចោល ដោយ​ក្រុមការងារ​ប្រចាំការ​នៅតាម​អាងទឹក​ទាំងនោះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​ជាង​១០០​មី​លី​ម៉ែត្រ កាលពី​ថ្ងៃទី​៧​ខែសីហា​។

លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​បានថ្លែង​ថា អាងទឹក​ទាំង​តូច​និង​ធំ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេលនេះ មានទឹក​ពេញ​លើស​តម្រូវការ​រក្សាទុក ត្រូវបាន​បើកទ្វារ​បញ្ចេញ​ទឹក​ចោល ដោយមាន​មន្ត្រី​ប្រចាំការ​ត្រួតពិនិត្យ​តាមដាន និង​ត្រៀម​ធ្វើ​អន្តរាគមន៍ នៅ​គ្រប់​អាងទឹក​ទាំងអស់​។​

ប្រធាន​មន្ទីរ​ខាងលើ បាន​បញ្ជាក់ថា នៅ​អាងទឹក​តា​ម៉ុក​ដែល​កម្ពស់​ទឹកបាន​ឡើង​ខ្ពស់​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​១០៧​មី​លី​ម៉ែត្រ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់ អាង​កាលពី​ម្សិលមិញ​នាំឱ្យ​ទឹក​ហូរ​ចុះមក​ខ្លាំង​ជាមួយនឹង​សំរាម​មែកឈើ​ចេញពី​តាម​ស្រែចម្ការ​ទើរ​នៅ​មាត់ទ្វារ​ទឹក​បណ្តាលឱ្យ​ស្ទះ​ទឹក តែ​ត្រូវបាន​កាយ​ចេញ​ជា​បន្តបន្ទាប់​ដោយ ក្រុមការងារ​ប្រចាំការ​នៅ​ទីនោះ​។​​

លោក​ញឺ​ន កួន បញ្ជាក់ថា ​ទឹក​ហូរ​តាម​ទ្វារ​ទឹក​និង​ទំនប់​បង្ហៀរ​ធម្មតា តែបើ​ស្ទះ​សំរាម​មែកឈើ​នៅ​មាត់ទ្វារ​ទឹក​ធ្វើឱ្យ​ទឹក​ឡើង​ខ្ពស់​លិច​ដល់​ផ្លូវ​ដែលមាន ចរាចរ​ឆ្លងកាត់​ច្រើន ដោយហេតុ​នះ​ហើយ​បានជា​មន្ទីរ​ដាក់​គ្រឿងចក្រ និង​កម្លាំង​ប្រចាំ​ការកាយ​សម្អាត​មុខទ្វា​ទឹកជា​ប្រចាំ​និង​ក៏មាន​ត្រៀ​ង​គ្រឿងចក្រ សម្ភារៈ សម្រាប់​អន្តរាគមន៍ ពេល​មានការ​បាក់ស្រុត​នៅ​កន្លែង​ណាមួយ​។ កាលពី​ម្សិលមិញ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដល់​ជាង​១០០​មី​លី​ម៉ែត្រ តែ​នៅថ្ងៃនេះ​មាន​ភ្លៀង​ដែរ​នៅ​ទូទាំង​ខេត្ត​តែ​មិន​ច្រើន​ទេ​។​

​លោក ​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានមានប្រសាសន៍​ថា សម្ពាធ​ទាប​សកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ធ្វើដំណើរ​រក​កោះ​ហៃណាំ ហើយ​បង្កើន​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ​ឬ​ជា​កូន​ព្យុះ​នៅពេល​ដើរទៅ​ដល់​ខាងលើ​កោះ​ហៃណាំ​នោះ ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​ពេលនេះ មាន​ខ្យល់​កើនឡើង​ខ្លាំង​បន្តិច​ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ​។ ភ្លៀង​បន្ត​មាន​ធ្លាក់ រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close