អភិបាលក្រុងភ្នំពេញបញ្ជាឲ្យអាជ្ញាធរចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំងក្នុងខណ្ឌមានជ័យ ក្រោយពីធ្វើឲ្យខូចខាតផ្លូវ

លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២ តាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រសួងព័ត៌មាន បានដកស្រង់សំដីរបស់ លោក ស៊ុយ សេរិទ្ធ ថាការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះគឺធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកធ្វើដំណើរ និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសសបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ក៏ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។

លោក ស៊ុយ សេរិទ្ធ បានលើកឡើងថា អាជ្ញាធរបានចុះបិទអាជីវកម្មទាំង៤នោះទាំងស្រុងតែម្តង ពោលមិនបណ្តោយឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធតទៅទៀតទេ។ លោកអភិបាលរងរាជធានីភ្នំពេញបានអះអាងថា រាល់រចនាសម្ព័ន្ធដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើគឺត្រូវតែកើបដីខ្សាច់ចេញពីថ្នល់ និងត្រូវជួសជុលទាំងលូនិងផ្លូវឡើងវិញ។

បើតាមលោកអភិបាលរងរាជធានីភ្នំពេញ ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារួចមកហើយ និងបានណែនាំឱ្យម្ចាស់អាជីវកម្មត្រូវមានម៉ាស៊ីនលាងកង់រថយន្ត និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ។ ប៉ុន្តែសង្កេតឃើញថា ម្ចាស់អាជីវកម្ម នៅតែអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។

ទាក់ទងនឹងដំណើរការដឹកជញ្ជូនខ្សាច់របស់ម្ចាស់ដេប៉ូខ្សាច់នៅក្នុងខណ្ឌមានជ័យ​បានបង្កការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ ដែលធ្វើឲ្យអ្នកដំណើរជាច្រើននាក់បានត្អួញត្អែរ និងបានស្នើសុំឲ្យអភិបាលក្រុងភ្នំពេញមានវិធានការចំពោះម្ចាស់អាជីវកម្មខ្សាច់ខាងលើនេះ។ តាមការផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន នៅតាមបណ្តោយផ្លូវជាតិលេខ២នេះមានទីតាំងដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈចំនួន៤ទីតាំងត្រូវបានបិទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close