ដើមខែសីហានេះ សមត្ថកិច្ចថៃបញ្ជូនពលរដ្ឋខ្មែរខុសច្បាប់១២៤នាក់មកកម្ពុជាវិញ

រយ:ពេលមួយសប្តាហ៍ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ទាហានឈុតខ្មៅរបស់ថៃបានបញ្ជូនពលករខ្មែរដែលធ្វើចំណាកស្រុកដោយខុសច្បាប់ត្រលប់មកកាន់កម្ពុជាវិញ។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចការពារតំបន់ព្រំដែនបានឱ្យដឹងថា មនុស្សដែលបានបញ្ជូនមកវិញមានសរុបចំនួន ១២៤នាក់ ក្នុងនោះពលករបុរសចំនួន២៨នាក់ ស្ត្រីចំនួន៥១នាក់ និងក្មេងប្រុសស្រីចំនួន៤៥នាក់។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ចំនួនពលករដែលអាជ្ញាធរថៃបញ្ជូនមកវិញ គឺពួកគាត់បានឆ្លងដែនចូលក្នុងទឹកដីថៃកាត់តាមច្រករបៀង ពិសេសនៅពេលយប់ក្នុងភូមិសាស្ត្រនានារបស់ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយសហការពីភាគីទាហានថៃ ក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តពលករ ជាលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ បន្ទាប់មកអាជ្ញាធរក៏បានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់មូលដ្ឋានរៀងៗខ្លួនវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close