ចុង​សប្ដាហ៍​ទី​១​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ២៤​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍ ថ្ងៃទី​៦-៧ ខែសីហា ឆ្នាំ​២០២២ ដែលមាន​ភ្ញៀវ​សរុប​២៤៦,១៩៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២២៤,៩៩៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២១,២០២​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តសៀមរាប ៣៩,៩៧៩​នាក់​
* ខេត្ត​ព្រះសីហនុ ៣៣,៨៣៧​នាក់​
* ខេត្តកំពត ៣៣,៤៦១​នាក់​
* ខេត្ត​កែប ២០,០៥៧​នាក់​
* ខេត្តបាត់ដំបង ១៩,៦៨៨​នាក់​
* រាជធានី​ភ្នំពេញ ១៨,៧៣៤​នាក់​
* ខេត្តកំពង់ស្ពឺ ១២,១៩៩​នាក់​
* ខេត្តពោធិ៍សាត់ ១១,៩៩៩​នាក់​
* ខេត្តកណ្តាល ១១,០៨៥​នាក់​

​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ​១១.៤៣% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​សប្តាហ៍​កន្លងមក គឺជា​សប្តាហ៍​ដ៏​មមាញឹក​មួយ​ដែល​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ជោគជ័យ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អាស៊ាន​បូក និង​ដៃគូ​អាស៊ាន​។ នាឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មួយចំនួន និង​ភរិយា​រដ្ឋមន្ត្រីការបរទេស​អា​សាន អាស៊ាន​បូក និង​ដៃគូ បាន​ឆ្លៀតឱកាស​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​មួយចំនួន ពិសេស​តំបន់​សៀមរាប​-​អង្គរ​។​

​ទន្ទឹមនឹងនេះ នា​សប្តាហ៍​កន្លងមក នៅ​ខេត្តសៀមរាប​មានការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​សំខាន់ៗ​មួយចំនួន ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមមាន ទី​១. ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៧ នៅមុខ​ប្រាសាទអង្គរវត្ត កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២២ ដែលមាន​អ្នកចូលរួម​ប្រមាណ​២,១០០​នាក់ ក្នុងនោះ​មាន​បរទេស​មកពី​ក្រៅ​ស្រុក​ជិត​១០០​នាក់ និង​បរទេស​ក្នុងស្រុក​ប្រមាណ​៣០០​នាក់​។ ទី​២. ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​វ័យ​ចំណាស់​មេគង្គ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) រយៈពេល​៤​ថ្ងៃ និង​ទី​៣. ការប្រកួត​វាយ​កូន​ហ្គោល Angkor Four Ball Championship រៀបចំឡើង​ដោយ Angkor Resort Golf Club៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close