ប្រទេសក្នុងតំបន់ បានជួយពន្លត់ភ្លើងឆេះអាងស្តុកប្រេង
កម្លាំងពន្លត់អគ្គិភ័យ មកពីកងពលពិសេសនៃកម្លាំងបដិវត្តគុយបា និងក្រុមពន្លត់អគ្គិភ័យផ្សេងទៀត។ ជាមួយគ្នានេះប្រទេសម៉ិចស៊ីកូ និងវេណេហ្ស៊ុយអេឡា បានចូលរួមពន្លត់ភ្លើងកំពុងឆាប់ឆេះអាងស្ទុកប្រេង នៅក្នុងតំបន់ Matanzas ប្រទេសគុយបា។
មកទល់បច្ចុប្បន្ន មានអាងស្ទុកប្រេងចំនួន២ក្នុងចំណោម៨ត្រូវភ្លើងឆាប់ឆេះ ហើយពេលនេះកំពុងតែគំរាមកំហែងដល់អាងស្ទុកប្រេងទីបីផងដែរ។ ប៉ុន្តែមានខ្យល់ពីតំបន់ឈូងសមុទ្រ Matanzas បានជួយមួយផ្នែកណាមួយកាត់បន្ថយកម្តៅដល់បណ្តាអាងស្ទុកប្រេងផ្សេងទៀត។ ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រងអគ្គិភ័យមិនទាន់ប្រសើរជាងមុនឡើយ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលគុយបា សាកសពជនរងគ្រោះម្នាក់ត្រូវបានរកឃើញនៅកន្លែងកើតហេតុ គឺស្ថិតនៅក្នុងក្រុមពន្លត់អគ្គិភ័យ១៧នាក់ដែលបានបាត់ខ្លួនកន្លងមកពីបំពេញការងារ។ ដូច្នេះ គិតត្រឹមល្ងាចថ្ងៃទី៧ខែសីហាមានមនុស្សម្នាក់ស្លាប់ និងក្រុមពន្លត់គ្គិភ័យ១៦នាក់បាត់ខ្លួន។ ជាមួយគ្នានេះដែរ ក៏មានមនុស្ស ១២២នាក់រងរបួស ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែលោក Livan Arronte ។ ពលរដ្ឋប្រមាណ ៥ពាន់នាក់ រស់នៅជុំវិញកន្លែងកើតហេតុត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ប្រមុខដឹកនាំគុយបា លោក Miguel Diaz-Canel បានឲ្យដឹងថា «យើងកំពុងប្រឈមមុខនឹងគ្រោះអគ្គិភ័យទ្រង់ទ្រាយធំពិបាកក្នុងការទប់ស្កាត់នៅគុយបា។ ជាមួយគ្នានេះដែរគុយបាមិនមានឧបករគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងស្ថានភាព»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។