កម្ពុជា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​អាស៊ាន អបអរសាទរ ទិវា​អាស៊ាន​លើក​ទី​៥៥

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​កិច្ចការ​វប្បធម៌ និង​វិចិត្រសិល្បៈ​សម្រាប់​ឆ្នាំ​២០២០-២០២២ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​អាស៊ាន​លើក​ទី​៥៥​នៅ​សា​លស​ន្នី​សីទ​ចតុម្មុខ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៨ ខែសីហា​ឆ្នាំ​២០២២​។

​លោកជំទាវ​បណ្ឌិត​សភាចា​រ្យ​បាន​បញ្ជាក់ថា ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សាមគ្គីភាព សហគមន៍​តែមួយ​ជោគវាសនា​រួម តាមរយៈ កា​ពង្រីក ការផ្សព្វផ្សាយ និង កិច្ចសហប្រតិបត្តិការ​សហគមន៍ ទាំង​មាន​បញ្ហា​សេដ្ឋកិច្ច​នយោបាយ សន្តិសុខ​សង្គម វប្បធម៌ ។ ​លោកជំទាវ​បង្ហាញ​ពី​មោទនភាព ដែល​កម្ពុជា​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​នេះ ហើយ​កម្ពុជា ប្តេជ្ញា​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន ក្រោម​ប្រធានបទ​«​អាស៊ាន​រួមគ្នា​ធ្វើ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» សម្រាប់ ការផ្សះផ្សា សន្តិភាព និង ភាព​ចម្រុងចម្រើន នៅក្នុង​តំបន់​ទាំងមូល​ឱ្យទទួល​បាន​ជោគជ័យ​។​

​លោកជំទាវ​បណ្ឌិត​សាស្ត្រាចារ្យ បាន​បន្តថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​យើង​បានកំណត់​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ដើម្បី​ការពារ​និង​រក្សា​កេរ្តិ៍ ដំណែល វប្បធម៌ ដ៏​សម្បូរបែប និង​ឱ្យ​កាន់តែ​រីកចម្រើន​។ ​ជាមួយគ្នា​នោះ​យើង ក៏មាន​កិច្ច​ការសំខាន់​ផ្សេងទៀត ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ រឹងមាំ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​ជាពិសេស ក្នុង​វិស័យ​វប្បធម៌ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង របស់​យើង​ដើម្បី​ឈានដល់​គោលដៅ​សម្រេច​ឱ្យបាន​នូវ​សហគមន៍ អាស៊ាន​សង្គម​-​វប្បធម៌​ឆ្នាំ​២០២៥​។ ក្នុង​ក្របខ័ណ្ឌ​របស់​រដ្ឋមន្ត្រី​អាស៊ាន ដែល​ទទួលបន្ទុក​ផ្នែក​វប្បធម៌ និង​វិចិត្រសិល្បៈ យើង​ត្រូវតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា ជាពិសេស​ការទទួល​ឥទ្ធិពល​បច្ចុប្បន្ន​របស់​COVID-19​ដើម្បី​ស្វែងរក​ផ្លូវ​សម្រាប់​វិស័យ​វប្បធម៌ ដើម្បី​ឈានទៅ​មុខ​ក្នុង​លក្ខណៈ​ដ៏​រស់​រវើក និង​មាន​ភាពស្វាហាប់​ជាង​មុន​។​

​លោកជំទាវ​សង្ឃឹមថា ព្រឹត្តិការណ៍​ថ្ងៃនេះ មិន​ត្រឹមតែ​ជាការ​ប្រារព្ធ​ពិធី នៃ​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ នឹង​ពង្រឹង​ចំណងមិត្តភាព​មិត្តភាព វប្បធម៌ ទំនៀម​ទំលាប់ ដែល​អនុញ្ញាត​ឲ្យ​យើង​ផ្លាស់ប្តូរ​គំនិត និង​រៀនសូត្រ​ពីគ្នា​ទៅ វិញ​ទៅមក​ដោយ​អនុលោម​ទៅតាម​ស្មារតី​អាស៊ាន​៖“​ទស្សនៈវិស័យ​មួយ អត្តសញ្ញាណ​មួយ​សហគមន៍​មួយ​”​។ ពិធី​អបអរសាទរ​ទិវា​អាស៊ាន​លើក​ទី​៥៥​នេះ​មាន​រៀបចំ​ជា​កម្មវិធី​សំនួរចម្លើយ​ចំណេះដឹង​ពី​អាស៊ាន​,​ការសម្តែង​ទស្សនីយភាព​របាំ​អាស៊ាន ការសម្តែង​និង​ប្រគំ​ជូន​ចម្រៀង​អាស៊ាន​,​ពិព័រណ៍​រូបថត​សមិទ្ធផល​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផ្នែក​វប្បធម៌​និង​សិល្បៈ​ជាដើម​។

​សូមបញ្ជាក់ថា​សមាគម​ន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​បង្កើតឡើង​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧​ដោយ​៥​ប្រទេស​ដូចជា​៖​ប្រទេស​ឥណ្ឌូនេស៊ី​,​ម៉ាឡេស៊ី​,​ពី​លី​ពី​ន​,​សិង្ហ​បុរី និង​ថៃ នៅ​ទីក្រុង​បាំង​កក​ប្រទេស​ថៃ​។ បច្ចុប្បន្ននេះ អាស៊ាន​មាន​សមាជិក​ចំនួន​១០​ប្រទេស​រួមមាន​៖ ប្រទេស​ប្រ៊ុយណេ , កម្ពុជា​, ឥណ្ឌូនេស៊ី​, ឡាវ ,​ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សិង្ហ​បុរី​, ថៃ និង វៀតណាម​។ មកដល់ពេលនេះ អាស៊ាន​មាន​ប្រជាជន​ជាង​៦៦១​លាន​នាក់ ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP)​ជាង​៣​ទ្រី​លាន​ដុល្លារ​អាមេរិក និង​ពាណិជ្ជកម្ម​លើសពី​២,៧​ទ្រី​លាន​ដុល្លារ​អាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close