ករណី​បាញ់សម្លាប់​ជនជាតិ​ចិន​ម្នាក់ សមត្ថកិច្ច​ស្ទាក់ចាប់ ជនដៃដល់​ស្លាប់ ៣​នាក់ របួសធ្ងន់​ម្នាក់ ខណៈ​បើករថយន្ត​រត់គេច ជួប​គ្រោះ​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ក្រុម​ជនល្មើស​ចាក់​ដោយ​កាំបិត​ចុង​ស្រួច រួច​បាញ់សម្លាប់​ដោយ​កាំភ្លើងខ្លី វេលា​ម៉ោងជាង ១​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៩ សីហា​នេះ នៅ​ចំណុច​ឆ្នេ​អូ​ត្រេះ (​មុខ​សណ្ឋាគា​៥២០​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​ជនបង្ក និង​បក្សពួក បាន​រត់គេចខ្លួន​តាម​រថយន្ត ១​គ្រឿង​ម៉ាក ឡង់​គ្រី​ស័​រ ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-6111 បើកបរ​ចេញពី​ក្រុងព្រះសីហនុ តាមផ្លូវ​ជាតិ​លេខ​៤​។ ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ចំរុះ ក៏​ធ្វើ​ប្រតិបត្តិការ​ពួន ស្ទាក់ និង​តាម​ឃាត់​រថយន្ត​នេះ នៅ​ចំណុច​ភូមិ​អណូ​ង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ខណៈ​រថយន្ត កំពុងបើក​រត់គេច​ក្នុង​ល្បឿន​លឿន បាន​រេ ចង្កូត​មក​ខាងឆ្វេង​ដៃ (​ទិសដៅ​ទៅ​ភ្នំពេញ​) ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ក្បែរ​ទៅមុខ​លែងរួច​។

ក្រោយ​ការពិនិត្យ សមត្ថកិច្ច​ថា ក្នុង​រថយន្ត​នេះ​មាន​មនុស្ស​ជិះ​ចំនួន ៤​នាក់ ប្រុស​ទាំងអស់ (​ជនជាតិ​ចិន​) ដោយសារតែ​រថយន្តបុក​ផ្ទប់ នឹង​បង្គោល​ភ្លើង​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​នេះ​៣​នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ ​ក្នុង​រថយន្ត​សមត្ថកិច្ច​រកឃើញ​កាំភ្លើងខ្លី​ចំនួន ១​ដើម ម៉ាក​CF,​កាំបិត​តូច​ចុង​ស្រួច​ប្រឡាក់​ឈាម​០១​ដើម​, ខ្នោះដៃ និង​សម្ភារៈ​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ដែល​រងរបួស និង​សាកសព ៣​នាក់​ទៀត បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បន្ត​និង​ស្រាវជ្រាវ​បន្ថែម​ពី​សាវតា​រឿងហេតុ​នាំ​ឲ្យ​មាន​អំពើ​បាញ់ប្រហារ​នេះ និង​ស្រាវជ្រាវ​ពី​អត្ត​សញ្ញាញ​ទាំង​ជនរងគ្រោះ និង​ជនបង្ក​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close