នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្សស៊ើបអង្កេត ករណី បង្ក្រាបល្បែងជល់មាន់អនឡាញនៅខេត្តកំពង់ធំដែលបណ្ដាលឱ្យមនុស្សស្លាប់
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជាបន្ទាន់ ដល់មន្រ្តីកងរាជអាវុធហត្ថមួយចំនួន នៅខេត្តកំពង់ធំ ដែលជាប់សង្ស័យករណីធ្វើឱ្យប្រជាពលរដ្ឋម្នាក់ដែលរស់នៅកំពង់ធំ បានស្លាប់ ក្រោយមន្រ្តីអាវុធហត្ថចុះអនុវត្តលើបទល្មើសជល់មាន់ តាមអនឡាញកាលពីប៉ុន្មានថ្ងៃមុននោះ។
តាមរយៈសារសំឡេង ដែលគេទទួលបាននាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីដែលជាប់សង្ស័យធ្វើឲ្យមនុស្សស្លាប់ជាបណ្តោះអាសន្ន ហើយឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត ខណៈករណីនេះ ឯកឧត្តមក៏បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់មែនោះ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។
សូមបញ្ជាក់ថា មានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីកន្លងទៅ ដោយលើកឡើងថា មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា បណ្តាលមកពីកម្លាំងអាវុធហត្ថ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។