ឯកឧត្តម គួច ចំរើន លើកទឹកចិត្ត​ដល់​កងកម្លាំង ដែល​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ទទួលបាន​ជោគជ័យ ក្នុងករណី​ផ្ទុះអាវុធ ស្លាប់​ជនជាតិ​ចិន ៤ នាក់​រងរបួស​ធ្ងន់​ម្នាក់

​ព្រះសីហនុ​៖ នា​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ អញ្ជើញ​ពិនិត្យ​វត្ថុតាង និង​នាំយក​ថវិកា ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម គួច ចំរើន ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​កងកម្លាំង និង​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញ ការងារ​ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អ្នកវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​ក្នុង​ការបង្ការ បង្ក្រាប​នូវ​រាល់​បទល្មើស​បាន​ទាន់ពេលវេលា​។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា ក្នុង​ក្របខណ្ឌ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត បានធ្វើ​ការណែនាំ​ដល់​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជាប្រចាំ ព្រោះ​ជនល្មើស​តែងតែមាន​អាវុធ ដូច្នេះ​យើង​ត្រូវតែ​ចេះ​ការពារ​ខ្លួន​ឱ្យបាន​ល្អ​។

ដោយសារតែ​កន្លងមក​មាន​សកម្ម​ភាពមិនប្រក្រតី​ភាព​មួយចំនួន បាន​កើតឡើង​ក្នុង​ក្រុងព្រះសីហនុ ដូចជា​៖
​ទី​១.​បញ្ហា​គ្រឿងញៀន
​ទី​២.​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់
​ទី​៣.​បញ្ហា​អាវុធជាតិផ្ទុះ ការប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​នៅតាម​ដងផ្លូវ​សាធារណៈ និង​តាម​កន្លែង​មួយចំនួន​។ បញ្ហា​ទាំងនេះ​ដែល​យើង​ត្រូវតែ​បន្ត​ស្រាវជ្រាវ និង​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា ដោយ​បន្ត​ចុះ​ធ្វើ​សកម្មភាព​ល្បាត ដើម្បី​ស្វែងរក​អ្នក​ដែល​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ហើយ​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​គ្រប់គ្រង​អ្នក​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​មិន​គប្បី ដោយ​ការប្រើប្រាស់​អាវុធ និង​ធ្វើ​សកម្មភាព​ចាប់ជំរិត និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នៅក្នុង​ក្រុង​របស់​យើង ដើម្បី​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​។

​សូម​ជម្រាបជូន​ថា យោងតាម​របាយការណ៍​បឋម​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​វេលា​ម៉ោង​០០​និង ៥០​នាទី រំលងអធ្រាត្រ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សណ្ឋាគារ​៥២០ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ករណី ផ្ទុះអាវុធ​មួយ​កើតឡើង បង្កដោយ​មនុស្ស​មួយក្រុម​មាន​គ្នា​ចំនួន​៦​នាក់ ជនជាតិខ្មែរ​១​នាក់ ជា​អ្នកបើកបរ​រថយន្ត​និង​ជនជាតិ​ចិន​៥​នាក់​ជា​មិត្ត​ភ័ក្ត្រ​គ្នា​(​ទើប​ស្គាល់គ្នា​)​។

​តាម​ការបំភ្លឺ​របស់​អ្នកឃើញ​ហេតុការណ៍​បានឱ្យដឹងថា​៖ នៅវេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ជិះ​រថយន្ត​ជាមួយគ្នា​ចេញពី​ផឹកស៊ី មកដល់​ចំណុច​ខាងលើ ក៏បាន​បង្ក​ជំលោះ​គ្នា ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ បានធ្វើ​សកម្មភាព​យក​អាវុធខ្លី និង​កាំបិត​គំរាម​ជនរងគ្រោះ​ចំនួន​៣​នាក់​ផ្សេងទៀត​។ ​ឃើញ​ដូច្នេះ​អ្នកបើកបរ​ជនជាតិខ្មែ​រ បាន​រត់ចេញ​ក្រៅ​រថយន្ត​ស្រែក​ឱ្យគេ​ជួយ ស្រាប់តែ​ជនសង្ស័យ​៣​នាក់ ដែល​ជិះ​ខាងក្រោយ​ចាប់​គ្រៀក​ជនរងគ្រោះ​១​នាក់​ទៀត និង​បាន​ប្រតាយប្រតប់​គ្នា ដោយ​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ចាក់​១​កាំបិត​ចំពោះ ហើយ​ជនរងគ្រោះ​ខំ​រុញ​ទ្វារ​រថយន្ត​លោត​ចេញ​ក្រៅ ក៏ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ចំក្បាល​ស្លាប់​ក្បែរ​រថយន្ត​តែម្តង​។

​ចំណែក​ជនរងគ្រោះ​១​នាក់ ផ្សេងទៀត ដែល​ជិះ​នៅខាងមុខ ត្រូវបាន​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ចាប់ខ្លួន​យកទៅ​ជាមួយ​រថយន្តរ​បស់​ជនរងគ្រោះ ដែលជា​មធ្យោបាយ​រត់គេច​ខ្លួន​ផងដែរ​។ ​ភ្លាមនោះ​កម្លាំង​រថយន្ត​ល្បាត​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ជិះ​ល្បាត​នៅក្បែរ​ម្តុំ​នោះបាន​ទទួល​ព័ត៌មាន បាន​ជិះ​ដេញ​ប្រកិត​តាម​រថយន្ត ដែល​ជនសង្ស័យ​បើក​រត់គេចខ្លួន ហើយ​ក្រុម​ជនសង្ស័យ​បានធ្វើ​ការបាញ់​មកលើ​សមត្ថកិច្ច​យើង​ទៅវិញទៅមក​ជាច្រើន​គ្រាប់​។ ហើយ កម្លាំង​សមត្ថកិច្ច​យើង បន្ត​ដេញតាម​ដោយមាន​ការបន្ថែម​កម្លាំង​ជំនាញ ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​តាម​រហូតដល់​ចំណុច ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​រថយន្តរ​បស់ជនស​ង្ស័​យ​បើកបរ​ក្នុង​ល្បឿន​លឿន បាន​បើក​រេ​ចង្កូត​ធ្លាក់​ផ្លូវ និង​បាន​បុក​បង្គោល​ភ្លើង​ថ្ម​។

ខណៈនោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ចូលទៅ​ព័ទ្ធ​រថយន្ត បង្កឱ្យមាន​ការផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ហើយ​រំដោះ​បាន​ជនរងគ្រោះ​១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន (​ដោយ​គាត់​បាន​លូន​ចេញពី​ក្នុង​រថយន្ត លើកដៃ​ក្រាប​ក្បែរ​រថយន្ត​ដោយ​ដៃ​មាន​ជាប់​ខ្នោះ​។ ដោយ​ជនរងគ្រោះ និង​ជនសង្ស័យ​៣​នាក់​ផ្សេងទៀត​របួស​ធ្ងន់ធ្ងរ កម្លាំង​សមត្ថកិច្ច​របស់​យើង បាន​បញ្ជូន​ជនរងគ្រោះ​១​នាក់ និង​ជនសង្ស័យ​១​នាក់ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​ស្លាប់​នឹង​កន្លែង​។ ក្នុងនោះ ជនសង្ស័យ​១​នាក់ ដែល​បញ្ជូនទៅ​សង្គ្រោះ បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។

​សូម​ជម្រាបជូន​បន្ថែមថា​ជន​រងគ្រោះ មាន​ចំនួន ៣​នាក់​៖
-​ជនជាតិ ខ្មែរ ១ នាក់ ប្រុស (​ជា​អ្នកបើកបរ​)
-​ជនជាតិ​ចិន ២ នាក់ ប្រុស (​ស្លាប់​នៅ​កន្លែងកើតហេតុ​១​នាក់ និង​របួសធ្ងន់​១​នាក់ កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​)​។
​ដោយឡែក​ជនសង្ស័យ​មាន​ចំនួន ៣​នាក់ ជា​ជន​ជាតិចិន ស្លាប់​ទាំង​៣​នាក់​។
​ករណី​ខាងលើនេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close