គ.ជ.ប ឲ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី២០ តុលា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ឲ្យគណៈកម្មការរៀបចំការបោះឆ្នោត រាជធានី-ខេត្ត ណែនាំដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន ទៅធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នេះ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារឯកសារសៀវភៅណែនាំ និងសៀវភៅជំនួយស្មារតីទាំងនោះ។
តាមខ្លឹមសារដែលបានកែសម្រួល គឺ៖ អ្នកគ្រប់អាយុ១៨ឆ្នាំឡើង ដែលត្រូវចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គឺអ្នកកើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។ រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ មានចំនួន ៥០ថ្ងៃ។ ក្នុងអំឡុងពេលនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីប្រជុំជាមួយ ក្រុមចុះឈ្មោះបោះឆ្នោត វាយតម្លៃការងាររបស់ខ្លួន។
ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖
១. ខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
២. សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។