ឯកឧត្តម វេង សាខុន៖ គម្រោង “កម្ពុជាហាវេស III” មានថវិកា ២៥លានដុល្លារ នឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នា រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ។ ក្នុងពិធីនេះក៏មានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងសហគមន៍កសិកម្មជាច្រើនផងដែរ។
មានចំណាប់អារម្មណ៍នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារក្នុងរយៈ ពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង “កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។ គម្រោងនេះត្រូវ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។
គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការ ងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។ តម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។
ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋ អាមេរិក ដែលបាននិងកំពុងដើរតួនាទីក្នុង ភាពជាដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ ដល់ ការអភិវឌ្ឍ វិស័យកសិកម្មតាម រយៈ USAID ក្នុងនោះការអនុវត្ត កម្ម វិធី និងគម្រោង ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជា លំដាប់។
ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃចំពោះវត្តមាន សមា ជិក សមាជិកា គឺពិត ជា បង្ហាញនូវស្មារតី ទទួលខុសត្រូវ ផ្តល់កិច្ចសហការ រវាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូ អភិ វឌ្ឍន៍ និង វិស័យ ឯកជនក្នុងការ ចូល រួម អភិវឌ្ឍន៍វិស័យ កសិកម្ម ជាពិសេសចំណាប់ អារម្មណ៍ដ៏មានអត្ថន័យរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់អំពីគុណសម្បត្តិរបស់គម្រោង និងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេស ពីរដើម្បីជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
តាមរយ:គម្រោងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញនូវសុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។ លោកបានបន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិត ភាព និងការប្រកួតប្រជែង ធានាស្ថិរភាព ម៉ាក្រូ សេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។