ជំនន់ទឹកភ្លៀង នៅកូរ៉េខាងត្បូង សម្លាប់មនុស្ស ៩នាក់ និង ៦នាក់ទៀត កំពុងបាត់ខ្លួន
សេអ៊ូល៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃអង្គារសប្តាហ៍នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ ដោយអ្នកខ្លះលង់ទឹកនៅក្នុងផ្ទះរបស់ពួកគេ និង ៦នាក់ទៀតកំពុងបន្តបាត់ខ្លួន ជាមួយនឹងការព្យាករណ៍មានភ្លៀងធ្លាក់ថែមទៀត។
ជំនន់ទឹកភ្លៀងបានកើនលើសពី ៤៥សង់ទីម៉ែត្រ ដែលត្រូវបានវាស់វែងនៅក្នុងសង្កាត់ Dongjak ដែលរងគ្រោះខ្លាំងបំផុតក្នុងទីក្រុងសេអ៊ូល ចាប់ពីថ្ងៃចន្ទ ដល់ល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។
ទឹកភ្លៀងនៅតំបន់នោះ កើនលើសពី ១៤ សង់ទីម៉ែត្រក្នុងពេលមួយម៉ោងនៅចំណុចមួយកាលពីយប់ថ្ងៃចន្ទ ដែលជាការធ្លាក់ភ្លៀងខ្ពស់បំផុតក្នុងពេលមួយម៉ោង ដែលបានវាស់វែងនៅទីក្រុងសេអ៊ូលចាប់តាំងពីឆ្នាំ ១៩៤២។
រថយន្ត និងឡានក្រុងដែលត្រូវបានបោះចោលត្រូវបានគេឃើញរាយប៉ាយនៅតាមដងផ្លូវ ខណៈដែលកម្ពស់ទឹកបានស្រកចុះនៅថ្ងៃអង្គារម្សិលមិញ។ កម្មករបានឈូសឆាយដើមឈើ ភក់ និងកម្ទេចកម្ទីដោយគ្រឿងចក្រអេស្កាវ៉ាទ័រ ហើយបិទផ្លូវដែលបាក់។
ការព្រមានអំពីការរអិលបាក់ដីត្រូវបានធ្វើឡើងក្នុងទីក្រុងជិត ៥០ ហើយផ្លូវឡើងភ្នំចំនួន ១៦០ ក្នុងទីក្រុងសេអ៊ូល និងខេត្ត កាងវ៉ុន ដែលជាភ្នំត្រូវបានបិទ។ ក្រុមសង្គ្រោះបន្ទាន់បានធ្វើការពេញមួយយប់ ដើម្បីស្តារសេវារថភ្លើងក្រោមដីភាគច្រើនឡើងវិញនៅព្រឹកថ្ងៃអង្គារម្សិលមិញ។
ផ្លូវដែលតភ្ជាប់ទីក្រុងភាគខាងជើងនៃទីក្រុងសេអ៊ូល ត្រូវបានបិទជាបណ្តោះអាសន្ន មុនពេលបើកឡើងវិញនៅល្ងាចថ្ងៃអង្គារម្សិលមិញ ខណៈដែលជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចស្ថានីយ៍មួយចំនួន។ ដោយឡែកផ្លូវរាប់សិបកន្លែង រួមទាំងផ្លូវល្បឿនលឿនសំខាន់ៗនៅជិតទន្លេ ហាន ត្រូវបានបិទ ដោយសារតែការកើនឡើងកម្រិតទឹក ឬទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។