​ឯកឧត្តម​ វេ​ង សាខុន សង្ឃឹមថា គម្រោង​ថ្មី​ស្តីពី​ភាពជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី ​ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹង​ជួយ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា ​ឲ្យ​រីកចម្រើន​កាន់​ខ្លាំង​ថែមទៀត

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី បាន​ជួបពិភាក្សា​ការងារ​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែល​បាន​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ខ្វះ​អង្ករ​ហូប​ទៅជា​ប្រទេស​ដែលមាន​អតិរេក​អង្ករ និង​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែលមាន​គុណភាព​ខ្ពស់ និង​ជាប់​ចំណាត់ថ្នាក់​អង្ករ​ល្អ​លេខ​១​លើក​ពិភពលោក​៣​ឆ្នាំ​ជាប់​គ្នា​ផងដែរ​។

​ក្នុងឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំអោយ​ភាគី​អូស្ត្រាលី ជួយ​ពិនិត្យ និង​គាំទ្រ​ជំរុញ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​ដើម្បី​បង្កើតជា​ក្រុមហ៊ុន​ផលិត​ពូជស្រូវ​ចែកចាយ​ជូន​កសិករ​នៅ​ទូទាំងប្រទេស ក្រោយ​ពេលដែល​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​បាន​ផលិត​ពូជ​គ្រឹះ​រួចហើយនោះ​, ស្នើ​បង្កើត​កម្មវិធី​កម្មសិក្សា​សម្រាប់​និស្សិត​កសិកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ផ្សេងទៀត​រួមទាំង​ការកែច្នៃ​ផលិតផល​កសិកម្ម​ផងដែរ សម្រាប់​គម្រោង​កម្មវិធី​ថ្មី ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នៅ​ចុងឆ្នាំ​២០២២​ខាងមុខនេះ​។

​ចំពោះ​គម្រោង​កិច្ចសហប្រតិបត្តិការ​ថ្មី ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា គម្រោង​ថ្មី​ស្តីពី​ភាពជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី​ដើម្បី​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹង​ជួយ​ជំរុញ​វិស័យ​កសិកម្ម​កម្ពុជា​អោយ​រីកចម្រើន​កាន់​ខ្លាំង​ថែមទៀត​។

​បន្ទាប់មក ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត ក៏បាន​ប្រគល់​រថយន្ត​ដែល​បាន​ប្រើប្រាស់​ក្នុង​គម្រោង CAVAC Phase 2 ចំនួន​៤ គ្រឿង​ទៅអោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា CARDI ដើម្បី​យក​ប្រើប្រាស់​ក្នុងការ​ស្រាវជ្រាវ​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close