ព្រឹត្តិការណ៍​សប្តាហ៍​វប្បធម៌​វៀតណាម​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ

​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​បាន​បើក​នូវ​ព្រឹត្តិការណ៍ «​សប្តាហ៍​វប្បធម៌​វៀតណាម​នៅ​កម្ពុជា ឆ្នាំ​២០២២» ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។ ​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ «​សប្តាហ៍​វប្បធម៌​វៀតណាម​នៅ​កម្ពុជា​ឆ្នាំ​២០២២» នា​រាត្រី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ​ចតុម្មុខ លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ រៀបចំឡើង​ចំពេល​ដែល​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​វៀតណាម ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត ហើយ​ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​ចម្រុះ​នៅ​រាត្រី​នេះ កើតចេញពី​កិច្ចសហការ​គ្នា​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​។​

​លោកជំទាវ​បន្តថា ព្រឹត្តិការណ៍​នា​រាត្រី​នេះ អាច​ចាត់ទុកថា ជា​ទំព័រ​ថ្មី ដែល​កម្ពុជា​និង​វៀតណាម បាន​សហការ​រៀបចំ​សប្តាហ៍​វប្បធម៌​ដោយ​សេរី និង​រីករាយ​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា វៀតណាម បន្ទាប់ពី​ការពន្យារពេល​ដោយសារ​ជំងឺ​រាតត្បាត​។ ​ព្រឹត្តិការណ៍​នេះ​អាច​ប្រព្រឹត្តទៅបាន គឺ​ពុំ​អាច​បំភ្លេចបាន​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជម្នះ​រាល់​ការលំបាក​នានា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​នយោបាយ​វ៉ាក់សាំង​ទូទាំងប្រទេស​។​

​លោកជំទាវ ជឿជាក់ថា ព្រឹត្តិការណ៍​វប្បធម៌​ដ៏​មាន​អត្ថន័យ​នេះ​បានផ្តល់​ឱកាស​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ស្វែងយល់ ពីគ្នា​ទៅវិញទៅមក​និង​រួមចំណែក​ក្នុងការ​នាំយក​ការផ្សាភ្ជាប់​និង​កិច្ចសហប្រតិបត្តិការ​មិត្តភាព​និង​បងប្អូន​ភូមិ​ផង​របង​ជាមួយ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​ក្នុង​កម្រិត​ខ្ពស់​មួយ ដើម្បី​ស្តារ​ប្រទេស​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​។ ​ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំងពីរ​នាពេល​បច្ចុប្បន្ន ត្រូវបាន​ចាត់ទុកថា​ជា​កិច្ចសហប្រតិបត្តិការ​ដៃគូ​គ្រប់​ជ្រុងជ្រោយ ដែល​ស្តែងចេញ​យ៉ាងច្បាស់​តាមរយៈ​ការផ្លាស់ប្ដូរ​គណៈប្រតិភូ​ជាន់ខ្ពស់ មន្ត្រី​ជំនាញ និង​ក្រុម​សិល្បៈ​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុងឱកាស​នេះដែរ លោកជំទាវ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក្នុង​ការរៀបចំ​ការសម្តែង​សិល្បៈ​រួមគ្នា​នៅ​រាត្រី​នេះ​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ហ័ង ដាវ​គឿង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​តំណាង ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ថែមទៀត​ផងដែរ​។

​ជាមួយគ្នា​នោះដែរ សាធារណជន ក៏​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​នូវ​ការរៀបចំ​តាំងពិព័រណ៍​សម្រាប់​បង្ហា​ញ​វប្បធម៌ ប្រទេស ប្រជាជន និង​ការអប់រំ​របស់​វៀតណាម​ក្នុង​ក្របខណ្ឌ​សប្តាហ៍​វប្បធម៌​វៀតណាម​នៅ​កម្ពុជា​ឆ្នាំ​២០២២​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close