ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មួយថ្ងៃ អាច​ទស្សនា​បាន​ពីរ​ថ្ងៃ និង​មាន​សុពលភាព​៥​ថ្ងៃ​

​ខេត្តសៀមរាប​៖ មន្ដ្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ ដែល​បាន​ទិញ​សំបុត្រ​សម្រាប់​ទស្សនា​ប្រាសាទ​អង្គរវត្ដ​ក្នុង​រយៈពេល​មួយថ្ងៃ អាច​ទស្សនា​បាន​ចំនួន​២​ថ្ងៃ និង​មាន​សុពលភាព​រយៈពេល​ប្រាំ​ថ្ងៃ ដែល​មានន័យថា ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនោះ ភ្ញៀវ​ទេសចរណ៍​អាច​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅពេលណា​ក៍បាន​។​



ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ដើម្បី​ធ្វើឱ្យមាន​ភ្ញៀវទេសចរ ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​កាន់តែច្រើន ក្រោយពេល​ជំងឺ​កូ​វីដ​-១៩​បាន​ធូរស្រាល​នោះ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​គោលនយោបាយ​រៀបចំ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ សម្រាប់​ភ្ញៀវទេសចរ​បរទេស គឺ​ពួកគាត់​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​មួយថ្ងៃ អាច​ទស្សនា​បាន​ពីរ​ថ្ងៃ និង​មាន​សុពលភាព​៥​ថ្ងៃ មានន័យថា ក្នុង​រយៈពេល​ចន្លោះ​ប្រាំ​ថ្ងៃនេះ ពួកគាត់​ចូល​ទស្សនា​ក្នុង​ចន្លោះ​ថ្ងៃ​ណា​ក៍បាន ខណៈដែល​កន្លងមក​អ្នកទេសចរ​ទិញ​មួយថ្ងៃ​បាន​ត្រឹម​មួយថ្ងៃ​។ ឯកឧត្ដម ឡុង កុសល បានឱ្យដឹង​បែបនេះ នៅក្នុង​ស​ន្នី​សិទ​សារព័ត៌មាន នៅខាងមុខ​អង្គរវត្ដ កាលពី​ថ្ងៃទី​១០​ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ​។​

​ឯកឧត្ដម​បាន​បន្ដថា បើ​ភ្ញៀវទេសចរ​ទិញ​សំបុត្រ​ក្នុង​រយៈពេល​៣​ថ្ងៃ ភ្ញៀវទេសចរ​អាច​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន​ប្រាំ​ថ្ងៃ និង​មាន​សុពលភាព​១០​ថ្ងៃ ហើយ​សម្រាប់​សំបុត្រ​មាន​រយៈពេល​៧​ថ្ងៃ ភ្ញៀវ​អាច​ចូល​ទស្សនា​បាន​ចំនួន​១០​ថ្ងៃ និង​មាន​សុពលភាព​ចំនួន​៣០​ថ្ងៃ​។ ជាមួយគ្នា​នោះ​ក៍មាន​សំបុត្រ​ចូល​ទស្សនា​រយៈពេល​វែង​ផងដែរ​សម្រាប់អ្នកទេសច​រ​ដែលមាន​វី​សារ​ចាប់ពី​៣​ខែ​ឡើងទៅ រួមមាន​ទិញ​សំបុត្រ​ក្នុង​រយៈពេល​មួយខែ​អាច​ចូល​ទស្សនា អាច​ចូល​ទស្សនា​បាន​ចំនួន​២​ខែ​, ទិញ​សំបុត្រ​ក្នុង​រយៈពេល​បី​ខែ អាច​ទស្សនា​បាន​៦​ខែ និង ទិញ​សំបុត្រ​ក្នុង​រយៈពេល​៦​ខែ​អាច​ចូល​ទស្សនា​មួយឆ្នាំ​។​

​ឯកឧត្ដម ឡុង កុសល បាន​បន្ថែមថា ការធ្វើ​បែបនេះ ដើម្បី​លើកទឹកចិត្ដដ​ល់​ភ្ញៀវទេសចរ​អន្ដរជាតិ​ដែល​បាន​ស្នាក់នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២​ឆ្នាំ​ឡើងទៅ​។ បើតាម​ឯកឧត្ដម ឡុង កុសល បាន​លើកឡើងថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២២​នេះ មាន​អ្នកទេសចរ​អន្ដរជាតិ​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ប្រមាណ​៩​ម៉ឺន​នាក់ ខណៈដែល​អ្នកទេសចរ​ក្នុងស្រុក​សរុប​មាន​ប្រមាណ​បី​លាន​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close