លោក គីមជុងអ៊ុន ធ្លាប់គ្រុនក្តៅខ្លាំង ដោយការឆ្លងកូវីដ១៩
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី Kim Yo Jong បានឲ្យដឹងថា បងប្រុសធ្លាប់ធ្លាក់ខ្លួនឈឺគ្រុនក្តៅ ក្នុងពេលដែលកូរ៉េខាងជើងកំពុងប្រឈមករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ ។ ប៉ុន្តែមេដឹកនាំគីមជុងអ៊ុននៅតែបន្តធ្វើការ ដើម្បីគ្រប់គ្រងការឆ្លងកូវីដ១៩ ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់សំដី លោកស្រី គីមយ៉ូ ជុង ដែលបានប្រកាសនៅថ្ងៃទី ១០ខែសីហាថា «បើទោះបីឈឺធ្ងន់ ដោយមានអការៈគ្រុនក្តៅ តែគត់នៅតែមិនសម្រាក់ដោយបន្តធ្វើការងាររហូតដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នៅក្នុងប្រទេស»។ លោកស្រីបន្តទៀតថា នៅពេលនេះបងប្រុសមានសុខភាពល្អ ជាសះស្បើយទាំងស្រុងហើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្អូនស្រីលោក គីម ជុងអ៊ុន គំរាមកម្ទេចអាជ្ញាធរកូរ៉េខាងត្បូង បើបន្តបញ្ជូនកូវីដ១៩ ចូលកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានគំរាមកម្ទេចអាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើពួកគេបន្តបង្ករឿងតាមរយៈការបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ ចូលទឹកដីកូរ៉េខាងជើង។
ការគំរាមរបស់អ្នកនាង គីម យូចុង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA និងជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកនាងផ្ទាល់ ចោទថាអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជូនវីរុសកូរ៉ូណាកូវីដ១៩ តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះខិតប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ចូលក្នុងប្រទេសកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ដូច្នេះថា«យើងមិនអាចនៅស្ងៀមដោយបណ្ដោយឱ្យសំរាមបន្តហូរ ពីកូរ៉េខាងត្បូងទៀតនោះទេ ហើយនឹងកម្ទេចអាជ្ញាធរសេអ៊ូល ប្រសិនបើពួកគេនៅតែបង្ករឿងបែបនេះ។ វិធានការឆ្លើយតបរបស់យើងគឺជាការសងសឹក ដ៏សាហាវបំផុត»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាង គីម យូចុង អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការចោទប្រកាន់របស់អ្នកនាង គីម យូចុងដែលបានទម្លាក់កំហុសលើខិតប័ណ្ណ ដែលក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះតាមបាឡុងចូលកូរ៉េខាងជើងជាមូលហេតុនៃការឆ្លងរាលដាលកូវីដ១៩។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នេះដែរ បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានបញ្ជាឱ្យ លុបចោលវិធានការទប់ស្កាត់នានាដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។