សប្តាហ៍នេះ កម្ពុជា​រង​ប្រព័ន្ធសម្ពាធទាប ខេត្តមួយ​ចំនួន​អាច​នឹង​រងនូវជំនន់ទឹកភ្លៀង

បើតាម​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅរសៀលថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២២ បានបញ្ជាក់ថា ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា នឹង​រំកិល​ធ្លាក់ចុះ ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ នៅ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង វៀតណាម ដោយ​ភ្ជាប់​ជាមួយនឹង​សម្ពាធ​ទាប ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​របប​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។​

​លក្ខណៈ​បែប​ខាងលើ នឹងធ្វើ​ឲ្យ ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ភ្លៀង​នឹង​បន្ត​ធ្លាក់ ក្នុង​សភាព​ជា​លក្ខណៈ​ឡូ​កាល់ ស្ទើរ​គ្រប់​ទីកន្លែង ជា​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​។​

ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អាចធ្វើ​ឲ្យ​បណ្តា តំបន់​ផ្ទៃ​រងទឹក​ភ្លៀង និង​បណ្តា​ខេត្ត​មួយចំនួន ដែល​កន្លងមក ទទួលបាន​នូវ​បរិមាណ ទឹកភ្លៀង​បង្គួរ និង​ច្រើន​រួចមកហើយ អាច​នឹង​បន្ថែម​បរិមាណ កើនឡើង​ទៀត ដែលជា​ហេតុ បង្កើតឡើង នូវ​ជំនន់​ទឹកភ្លៀង​សារជាថ្មី មាន​ជាអាទិ៍ៈ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close