៧ខែ ឆ្នាំនេះ! កម្ពុជា មានទំហំពាណិជ្ជកម្មការនាំចេញ-នាំចូល កើនឡើងជាង ២១%
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសកម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណ ៣២,៨២ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ ២០២២នេះ បានកើនឡើង ២១,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើយោងតាមស្ថិតិរបស់អគ្គានយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ប្រទេសកម្ពុជា បាននាំចេញមុខទំនិញនានាទៅកាន់ទីផ្សារក្រៅប្រទេស ចន្លោះពីខែ ដល់ខែកក្កដា ឆ្នាំនេះ មានតម្លៃទឹកប្រាក់ ១៣,៧៨ពាន់លានដុល្លារ បានកើនឡើង ៣០,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក ការនាំចូលសរុបវិញ បានកើនឡើង ១៥,៤ភាគរយ ដល់ទំហំទឹកប្រាក់ ១៩,០៥ពាន់លានដុល្លារ នៅក្នុងអំឡុងពេលដូចគ្នានេះ។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់ផលិតផលកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤៣ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ជាមួយទឹកប្រាក់ ៥,៦៩ពាន់លានដុល្លារ បានកើនកើនឡើង ៤៧,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វៀតណាម និងចិន គឺស្ថិតនៅចំណាត់ថ្នាក់ទី ២ និងទី ៣ ដែលទិញទំនិញពីកម្ពុជា ដែលមានតម្លៃទឹកប្រាក់ ១,៣២ពាន់លានដុល្លារ និង៧០១លានដុល្លារ រៀងគ្នា។
ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ គឺមានចំណែកទីផ្សារនាំចេញដល់ទៅជិត ៥០ភាគរយនៃការនាំចេញសរុប បន្ទាប់មកផលិតផលវិនិយោគមិនមែនកាត់ដេរ និងផលិតផលកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។