ក្រសួងការងារ បង្ហាញលទ្ធផលនៃកិច្ចប្រជុំចរចាដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។
បន្ទាប់ពីចប់កិច្ចប្រជុំនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចេញសេចក្តីថ្លែងការណ៍បង្ហាញលទ្ធផលដូចខាង ក្រោម៖
១៖ បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។
២៖ បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។
៣៖ នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។