រដ្ឋមន្ត្រីក្រសួង​អប់រំ វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន លើ​ការបំពាក់​អ៊ីនធឺណិត​ សាលារៀន

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ពិធី​ប្រគល់​-​ទទួល​ប្រព័ន្ធ​សន្និសីទ​វីដេអូ (Video conference system) សម្រាប់​ក្រសួង និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ទាំង​២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ទីស្ដីការក្រសួង​។

​ការបំពាក់​ប្រព័ន្ធ​សន្និសីទ​វីដេអូ​នេះ ទទួលបាន​ការគាំទ្រ​ពី​ក្រុមហ៊ុន វៀត​ធេ​ល (​ខេ​ម​បូ​ឌា​) ទាំង​ផ្នែក​សម្ភារៈ និង​បច្ចេកទេស ដែល​សហការ​ដោយផ្ទាល់​ជាមួយ​នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​ក្រសួង​។ ប្រព័ន្ធ​សន្និសីទ​វីដេអូ​នេះ បានប្រគល់​ជូន​ក្រសួង​ចំនួន​០១​ឈុត និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត​ចំនួន​២៥​ឈុត ដែល​ឈុត​នីមួយៗ​មាន​ប្រព័ន្ធ​វីដេអូ​០១​ឈុត (​កាមេរ៉ា និង​ឧបករណ៍​ស្រូប​សំឡេង​) ទូរទស្សន៍​ឆ្លាត​វៃ​ទំហំ​៥៥​អ៊ីង​ចំនួន​០១ ខ្សែ​ភ្ជាប់​ពី​ទូរទស្សន៍​ទៅ​កុំព្យូទ័រ​ចំនួន​០១​ខ្សែ និង​អាជ្ញាប័ណ្ណ​កម្មវិធី ZOOM រយៈពេល​០១​ឆ្នាំ​សម្រាប់​អ្នកគ្រប់គ្រង​រួម​នៅ​ទីស្ដីការក្រសួង ហើយ​ប្រព័ន្ធ​នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែសីហា ឆ្នាំ​២០២២ នេះ​តទៅ សម្រាប់​បម្រើការ​ប្រជុំ​នា​នា តាម​ប្រព័ន្ធ​អន​ឡាញ​របស់​ថ្នាក់ដឹកនាំ​ក្រសួង ជាមួយ​អង្គភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រើប្រាស់​ក្នុង​គោលដៅ​លើកកម្ពស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទទួល​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នាពេល​កន្លងមក​រួមមាន ការបំពាក់​អ៊ីនធឺណិត​សម្រាប់​រដ្ឋបាល​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ គ្រឹះស្ថានសិក្សា​សាធារណៈ ការបំពាក់​ប្រព័ន្ធ​សន្និសីទ​វីដេអូ​សម្រាប់​ទីស្ដីការក្រសួង​ក្នុង​កំឡុង​វិបត្តិ​កូ​វីត​-១៩ ការបំពាក់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ផ្សេងៗ​ទៀត​សម្រាប់​ក្រសួង ដែលជា​ដៃគូ​មួយ​ដ៏​សំខាន់​របស់​ក្រសួង​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​បែប​ឌីជីថល​នៅ​ប្រទេស​កម្ពុជា​។

​លើសពីនេះ​ទៀត ឯកឧត្ដម​ក៏បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង​ដែល​បាន​បំពាក់​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​សាលារៀន (SIS) សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ​បាន​ចំនួន ២៦៥​គ្រឹះស្ថាន ហើយ​ប្រព័ន្ធ​នេះ​កំពុងមាន​អ្នកប្រើប្រាស់​ជា​គ្រូបង្រៀន​សរុប​ចំនួន ១៦ ០៧០​នាក់ សិស្ស​ចំនួន ៣១៨ ០៨០​នាក់ និង​អ្នកអាណាព្យាបាល​សរុប​ចំនួន ៤១៥ ១០៥​នាក់​។

​ឯកឧត្ដម ក៏បានផ្ដល់​អនុសាសន៍​គាំទ្រ​ឲ្យ​ខិតខំ​ពង្រីក​វិសាលភាព​នៃ​គម្រោង​បន្ថែមទៀត​ឲ្យ​បាន​ទៅដល់​សិស្ស​ជិត​២​លាន​នាក់ នៅ​ឆ្នាំ​២០២៥​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close