រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​រំ​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ រុះរើ​ខ្ទម​ខុសច្បាប់ សង់​លើ​ទីតាំង​ដី​កម្មសិទ្ធិឯកជន របស់​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​

​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះទៅ​អប់រំ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុះរើ​ខ្ទម​ខុសច្បាប់​ដែល​បាន​សង់​លើ​ទីតាំង​ដី​កម្មសិទ្ធិឯកជន របស់​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(SIHANOUK VILLE SEZ)​។ ​ក្នុង​ប្រតិបត្តិការ​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​ម្ចាស់​កម្មសិទ្ធិ​វិញ និង​ធ្វើ​កិច្ចសន្យា​ចាកចេញ​ពី​ទីតាំង​។

​ដោយឡែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ប្រដាប់​ទៅដោយ កា​បិត ចំ​ពាម​កៅស៊ូ ដុំថ្ម និង​ដបប្រេង​សាំង បានចេញ​មុខ​តវ៉ា​រហូតដល់​ប្រើ​អំពើហិង្សា​លើ​ក្រុមការងារ​ចម្រុះ​ខេត្ត ដែល​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដើម្បី​យកមក​សួរចម្លើយ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ​។

​ជនសង្ស័យ​ទាំង​៤​នាក់​នោះ មាន​ឈ្មាះ ទេព សា​រ៉ា ហៅ​ក្រៅ​ថា ទេព ម៉ៅ​, ឈិន បូ​នី​,​សេង មករា និង ឃួន តា​រ៉ា​។ តាម​ចម្លើយសារភាព​របស់​ជ​ន​ទាំង​៤ បានឱ្យដឹងថា​ការសាងសង់​ខ្ទម​ខុសច្បាប់​ក្នុង​ទីតាំង​ខាងលើ គឺជា​ការរៀបចំ​ដោយមាន​មេក្លោង​នៅ​ពីក្រោយ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឱ្យ​ចូលមក​ទិញ​ដី ឬ​ចែ​កដី​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ឯកជន និង​បាន​យក​ប្រជាពលរដ្ឋ​ខែល​។ បច្ចុប្បន្ននេះ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បានកំណត់​មុន​សញ្ញា​មេក្លោង​បាន​មួយចំនួន​ហើយ​។

​ជាមួយគ្នានេះ​ជនសង្ស័យ​ទាំង​៤​នាក់​បានទទួល​ស្គា​ល់កំ​ហុ​ស​របស់ខ្លួន និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​បាន​ចាញ់បោក​ការ​ញុះញង់​របស់​មេខ្យល់ សូមឱ្យ​រុះរើ​ខ្ទម​របស់ខ្លួន​ដោយ​ស្ម័គ្រចិត្ត និង​ចាក​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិឯកជន​តាម​កា​រ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។

​គួរ​បញ្ជាក់ថា សំណង់​មិន​រៀបរយ​ទាំងនេះ គឺ​ភាគច្រើន​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០២២ និង​មានការ​កើនឡើង​ក្នុងកំឡុងពេល​យុទ្ធនា​ការឃោសនា​ក្រុមប្រឹក្សា​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​កន្លងមក​។ ហើយ​រដ្ឋបាលខេត្ត​បាន​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ រុះរើ​ខ្ទម​របស់​ពួកគេ​ចេញ​ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close