ស្រីលង្កា មិន​បន្ត​ដាក់​រដ្ឋ ក្នុង​គ្រាអាសន្ន ក្រោយ​ស្ថានភាព​មាន​ស្ថិរភាព​

​កូឡុំបូ​៖ ប្រទេស​ស្រីលង្កា នឹងមិន​បន្ត​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន ដើម្បី​គ្រប់គ្រង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ខណៈដែល​ស្ថានភាព​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ “​មាន​ស្ថេរភាព​” នេះ​ជា​អ្វីដែល​ការិយាល័យ​ប្រធានាធិបតី​បញ្ជាក់ ។​

​លោក​ប្រធានាធិបតី Ranil Wickremesinghe បាន​អំពាវនាវ​ឱ្យមាន​ច្បាប់​តឹងតែង​នេះ រយៈពេល ៤ ថ្ងៃ បន្ទាប់ពី​អតីត​ប្រធានាធិបតី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ហើយ​បាន​លាលែង​ពី​តំណែង កាលពី​ថ្ងៃទី ១៤ ខែកក្កដា បន្ទាប់ពី​ការតវ៉ា​ជាច្រើន​ខែ​ជុំវិញ​ការខ្វះខាត​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​។​

​ភាពអាសន្ន​ដែល​ដាក់​ដោយ លោក Wickremesinghe គ្រោង​នឹងត្រូវ​លុបចោល នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ ហើយ​លោក​មានអំណាច​ដើម្បី​បន្ត​ការដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​បាន រៀងរាល់ខែ បន្ទាប់ពីនោះ​។​

​កាលពី​ថ្ងៃទី​១៦ សីហា ២០២២ ការិយាល័យ​របស់លោក​ប្រធានាធិបតី Wickremesinghe បាន​ដកស្រង់​សំដី​លោក​ថា “​ស្ថានភាព​នៅក្នុង​ប្រទេស​មាន​ស្ថេរភាព មិនចាំបាច់​ដាក់បញ្ចូល​ស្ថានភាព​ក្នុង​គ្រាអាសន្ន​ឡើងវិញ​ទេ ដោយ​វា​នឹង​អស់​សុពលភាព ក្នុង​សប្តាហ៍​នេះ​” ។​

​បទ​ប្បញ្ញត្តិ​គ្រាអាសន្ន​អនុញ្ញាតឱ្យ​កងទ័ព និង​នគរបាល​ចាប់ខ្លួន និង​ឃុំខ្លួន​ជនសង្ស័យ ក្នុង​រយៈពេល​យូរ​។ តែ​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ត្រូវបាន​រិះគន់​ដោយ​ក្រុម​សិទ្ធិមនុស្ស​ថា ជា​ជំហាន​ដ៏​ឃោរឃៅ ដែល​អនុញ្ញាតឱ្យ​ប្រធានាធិបតី​បង្កើត​បទ​ប្បញ្ញត្តិ​និង​កម្រិត​សេរីភាព​របស់​ពលរដ្ឋ ដោយ​មិនចាំបាច់​មានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close