៧​ខែ ឆ្នាំ​២០២២! ខេត្តសៀមរាប ទទួលភ្ញៀវ​អន្តរជាតិ​ជាង ៨​ម៉ឺន​នាក់ ក្នុងចំណោម​ភ្ញៀវ​សរុប​ជាង ១​លាន​នាក់

​ភ្នំពេញ​៖ រយៈពេល​៧​ខែ​ឆ្នាំ​២០២២​នេះ ខេត្តសៀមរាប​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន​១,២៤២,៨៥៤​នាក់ កើនឡើង​៨៩០.១៧% ប្រៀបធៀប​ពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន​១,១៥៩,០០០​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៨៣,៨៥៤​នាក់​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២២ គឺមាន​ចំនួន​១,២៤២,៨៥៤​នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២១ (​ចំនួន​១២៥,៥១៩​នាក់​) ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​១,១៥៩,០០០​នាក់ កើនឡើង​៧៩៨.៤៦% និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​៨៣,៨៥៤​នាក់ កើនឡើង​១៣៥១.៧៧%​។​

​ឯកឧត្តម​បាន​បន្តថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២២​ដូចគ្នានេះដែរ ជើងហោះហើរ​ក្រៅប្រទេស​ដែល​ចូលមក​កាន់​ខេត្តសៀមរាប​មាន​ចំនួន​៥៥០​ជើង និង​មាន​អ្នកដំណើរ​សរុប​ចំនួន​៤៨,៧៦៥​នាក់ ក្នុងនោះ​ក្រុមហ៊ុន Singapore Airline (​សិង្ហ​បុរី​-​សៀមរាប​) ក្រុមហ៊ុន Air Asia (​គូ​ឡា​ឡាំ​ពួរ​-​សៀមរាប និង​បាងកក​-​សៀមរាប​) ក្រុមហ៊ុន Cambodia Angkor Air (​ហូ​ជី​មី​ញ​-​សៀមរាប និង​ដា​ណា​ង​-​សៀមរាប​) ក្រុមហ៊ុន Vietnam Airline (​ហូ​ជី​មី​ញ​-​សៀមរាប​) ក្រុមហ៊ុន Thai Smile (​បាងកក​-​សៀមរាប​) ក្រុមហ៊ុន China Eastern (​គួ​ន​មីង​-​សៀមរាប​) ក្រុមហ៊ុន Bangkok Air (​បាងកក​-​សៀមរាប​) ក្រុមហ៊ុន Air Iceland (​កោះ​ហ្កាំ​-​សៀមរាប​)​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ពី​ជើងហោះហើរ​ក្នុងស្រុក មាន​ក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ​-​សៀមរាប មាន​ចំនួន​១៤៥​ជើង និង​កំពង់សោម​-​សៀមរាប មាន​ចំនួន​១៣​ជើង​។ ក្រៅពីនោះ​មាន​ក្រុមហ៊ុន Cambodia Airway ភ្នំពេញ​-​សៀមរាប​) មាន​ចំនួន​៣​ជើង​។​ ​យោងតាម​ស្ថិតិ​ខាងលើនេះ​បង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​ខេត្តសៀមរាប​តាមផ្លូវ​អាកា​សមាន​ប្រមាណ​៧០%​នៃ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប​។ មកដល់ពេលនេះ​មានការ​ហោះហើរ​៧-៨​ជើង​ក្នុង​មួយថ្ងៃ មាន​អ្នកដំណើរ​ជា​មធ្យម​៧០០-៨០០​នាក់​ក្នុង​មួយថ្ងៃ​។ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការរីករាយ​ជាមួយនឹង​កំណើន​ភ្ញៀវទេសចរ​នៅ​ខេត្តសៀមរាប​យ៉ាង​ដូច្នេះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close