អាជ្ញាធរ ចាប់បើកយុទ្ធនាការចុះវាស់វែងកំណត់និយាមការក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាបបានរៀបចំពិធីបើកយុទ្ធនាការចុះវាស់វែងកំណត់និយាមការក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញ ចូលរួមពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។
ដោយសារតែព្រះរាជក្រឹត្យលេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។
សូមបញ្ជាក់ថាថ្មីៗនេះ នាដើមឆ្នាំ២០២២មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួនឯង។
ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។