មី​យ៉ាន់​ម៉ា​នឹង​នាំចូល​ប្រេង​ពី​រុស្ស៊ី​

ប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គ្រោងនឹងនាំចូលប្រេងសាំង និងប្រេងពីរុស្ស៊ី ដើម្បីបន្ធូរបន្ថយកង្វល់នៃកង្វះការផ្គត់ផ្គង់ និងការកើនឡើងតម្លៃ នេះបើតាមអ្នកនាំពាក្យរបបយោធាបានបញ្ជាក់។ មីយ៉ាន់ម៉ាគឺជាប្រទេសកំពុងអភិវឌ្ឍចុងក្រោយបង្អស់ ដែលធ្វើដូច្នេះចំពេលមានវិបត្តិថាមពលពិភពលោក។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរក្សាទំនាក់ទំនងមិត្តភាពបានយ៉ាងល្អជាមួយរុស្ស៊ី ទោះបីជាប្រទេសទាំងពីរនៅតែស្ថិតក្រោមការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច។ មីយ៉ាន់ម៉ាត្រូវបានដាក់ទណ្ឌកម្មជុំវិញការធ្វើរដ្ឋប្រហារពីសំណាក់យោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំមុន ខណៈ ការដាក់ទណ្ឌកម្មលើរុស្ស៊ីកើតឡើងជុំវិញការលុកលុយរបស់កងទ័ពក្រុងមូស្គូលើប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបាននឹងកំពុងស្វែងរកអតិថិជនថ្មីសម្រាប់ទីផ្សារថាមពលរបស់ខ្លួន ក្រោយទិសដៅនាំចេញដ៏ធំបំផុតរបស់ទីក្រុងមូស្គូគឺទ្វីបអឺរ៉ុបនឹងដាក់ទណ្ឌកម្មលើការនាំចេញប្រេងរុស្ស៊ីជាដំណាក់កាល នៅចុងឆ្នាំនេះ។

អ្នកនាំពាក្យយោធា លោក Zaw Min Tun បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា៖«យើងបានទទួលការអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី»។ លោកបានបន្ថែមថា យើងទិញប្រេងពីទីក្រុងមូស្គូព្រោះវាមានគុណភាព និងតម្លៃទាប។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ការដឹកជញ្ជូនប្រេងឥន្ធនៈនឹងត្រូវចាប់ផ្តើមពីខែកញ្ញា។ លើសពីនោះ មីយ៉ាន់ម៉ានឹងពិចារណាលើការរុករកប្រេងរួមគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយរុស្ស៊ី និងចិន។

លើសពីនោះ លោក Zaw Min Tun បានបញ្ជាក់ថា៖«មេដឹកនាំរបបយោធាបានពិភាក្សាអំពីការទិញប្រេង និងឧស្ម័នក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុន។ ឥឡូវនេះ មីយ៉ានម៉ាបាននាំចូលឥន្ធនៈតាមរយៈសិង្ហបុរី។»

គួរបញ្ជាក់ថា របបយោធាបានបង្កើតគណៈកម្មាធិការទិញប្រេងរបស់រុស្ស៊ី ដែលដឹកនាំដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក មីន អ៊ោងឡាំង ដើម្បីត្រួតពិនិត្យការទិញ ការនាំចូល និងការដឹកជញ្ជូនឥន្ធនៈក្នុងតម្លៃសមរម្យ ដោយផ្អែកលើតម្រូវការរបស់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅក្នុងកាសែតរដ្ឋកាលពីថ្ងៃពុធ។

បន្ថែមពីលើភាពចលាចលនយោបាយ មីយ៉ាន់ម៉ាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងការដាច់ចរន្តអគ្គិសនី ដែលជំរុញឱ្យមេដឹកនាំយោធាងាកទៅរកការនាំចូលប្រេងឥន្ធនៈដែលអាចប្រើប្រាស់ក្នុងរោងចក្រថាមពល។ ខណៈ តម្លៃប្រេងសាំងបានកើនឡើងប្រហែល ៣៥០ភាគរយចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា កាលពីសប្តាហ៍មុន ស្ថានីយប្រេងឥន្ធនៈបានបិទនៅតាមតំបន់ផ្សេងៗនៃប្រទេស ដោយសារកង្វះខាតប្រេង។ រុស្ស៊ី​ក៏​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ដល់​យោធា​មី​យ៉ាន់​ម៉ា​ផង​ដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close